(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និងកម្មករក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី។
ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារ ដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មកររដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង។
បើតាមលោកអភិបាលខេត្ត ក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្ម នូវសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ហើយក៏ភាពជោគជ័យចំនួន៥លើកមក គឺអាស្រ័យដោយកិច្ចសហការ និងការចូលរួមរបស់មន្ត្រីរាជការសាលាខេត្ត ឆ្នាំចុងក្រោយក្នុងការប្រារព្ធថ្នាក់ជាតិ តែអាជ្ញាធរខេត្ត ក៏នៅតែបន្តធ្វើជារៀងរាល់ឆ្នាំតទៅទៀតផងដែរ។
លោក ឃឹម ប៊ុន សុង ក៏បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទ នៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ និងរក្សាឲ្យបាននូវជ័យលាភី ផ្ការំដួល៣ទង និងរក្សាឲ្យបាននូវជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០៕