(កំពង់ចាម)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចំអកឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា ថាបើប្តីប្រពន្ធស្រឡាញ់គ្នាស្មោះ កុំខ្វល់អ្នកទី៣ មកបំបែក។ លោក ពេជ្រ ស្រស់ បានថ្លែងបែបនេះ ក្នុងពិធីប្រកាសស្វាគមន៍អតីតថ្នាក់ដឹកនាំក្រុមយុវជនមកពីបក្សសង្គ្រោះជាតិ២នាក់ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សយុវជនកម្ពុជា ដែលពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

លោក ពេជ្រ ស្រស់ បានថ្លែងថា អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ២នាក់ នោះ១ គឺលោក វ៉ែន រតនៈ ពីមុនជាប្រធានក្រុមយុវជនបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងលោក កេត តូរ៉ា អតីតជាអ្នកកាន់កិច្ចការរដ្ឋបាល ហើយបច្ចុប្បន្ន លោកទាំងពីរនាក់ បានប្តេជ្ញា មកចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានរំលឹកថា ការបើកគណបក្សយុវជន មិនទាន់មាន អ្នកគាំទ្រច្រើនផង ក៏មានអស់លោកអតីតប្រធានបក្សប្រឆាំង ស្រែកឱ្យថា គណបក្សតូចៗទាំងអស់ជាគណបក្សអាយ៉ង របស់គណបក្សប្រជាជន ។ លោក ពេជ្រ ស្រស់ បានបន្តថា លោក សម រង្ស៊ី និង លោក កឹម សុខា ធ្លាប់ប្រកាសថា ខ្លួនជាបិតាប្រជាធិបតេយ្យ ប៉ុន្តែដល់ឃើញយុវជនបើកគណបក្សទៅជាស្រែកថា ជាគណបក្សអាយ៉ងទៅវិញ ត្រង់នេះសរបញ្ជាក់ឱ្យឃើញថា មាត់ពួកគាត់ថា បិតាលទ្ធិប្រជាធិបតេយ្យ តែសកម្មភាពជាកម្មុយនីស្ត ពីព្រោះគំនិតអ្នកកម្មុយនីស្តនេះឯង មិនចង់ឱ្យអ្នកណាឡើងខ្ពស់ជាងខ្លួនទេ ហើយនោះជាសញ្ញាណបែកបាក់ជាតិហើយ បើពួកគាត់ត្រឹមត្រូវគឺមិនខ្វល់ទេ បានន័យថា បើប្តីប្រពន្ធ ស្រឡាញ់គ្នាស្មោះ កុំខ្វល់ជនទី៣មកបំបែក (បើ សម រង្ស៊ី និង កឹម សុខា ស្រឡាញ់គ្នាមែន កុំខ្វល់អ្នកទី៣មកបំបែក) ផ្ទុយទៅវិញ ខ្លាចតែការស្រឡាញ់មិនស្មោះនោះទើបជាបញ្ហាហើយ ដោយសារភាពមិនស្មោះនោះ ហើយទើបរលាយទាំងអស់។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា គណបក្សយុវជន មិនមែនជាបក្សបង្កើតឡើង ដើម្បីបំបែកសំឡេងបក្សណាមួយនោះទេ គឺជាគណបក្ស ពង្រឹងស្មារតីយុវជន និងស្មារតីម្ចាស់ឆ្នោតប៉ុណ្ណោះឯង រឿងការគាំទ្រ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ៕