(រតនគិរី)៖ ប្រជាពលរដ្ឋដែលរស់នៅខេត្តរតនគិរី ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលត្រូវលោក សម រង្ស៊ី ចុះហត្ថលេខាកាត់ទៅឱ្យជនជាតិ ភាគតិចវៀតណាមម៉ុងតាញ៉ាគ្រប់គ្រង បាននិយាយថា គាត់មានការឈឺចាប់ណាស់ដែល ទទួលបានដំណឹងនេះ ហើយគាត់លើកឡើងទៀតថា បើសិនជាឱ្យលោក សម រង្ស៊ី បន្តធ្វើនយោបាយទៀតនោះ ទឹកដីខ្មែរនឹងត្រូវបាត់បង់ដោយស្នាដៃលោក សម រង្ស៊ីតែម្តង។
ប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញបន្ទាប់ពីសកម្មជនប្រឆាំង ទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
លោក គឹម សុវណ្ណារិទ្ធ ជាប្រជាពលរដ្ឋរស់នៅសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឱ្យតុលាការអន្តរជាតិកាត់ទោស លោក សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិភាគតិចវៀតណាម ហើយមិនឱ្យ លោក សម រង្ស៊ី មកធ្វើនយោបាយទៀតទេ បើឱ្យលោក សម រង្ស៊ី មកធ្វើនយោបាយទៀត ទឹកដីខ្មែរ និងបាត់បង់អស់ដោយស្នាដៃ លោក សម រង្ស៊ី»។
លោកបានបន្តថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរីមានការឈឺចាប់ណាស់ នៅពេលដែលឮដំណឹងថា លោក សម រង្ស៊ី ចុះកិច្ចកិច្ចសន្យាកាត់ទឹកដីចំនួន៤ខេត្ត ពីប្រទេសកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមនោះ។ លោកបានបន្តថា «ខ្ញុំស្គាល់ជនជាតិម៉ុងតាញ៉ា ដែលជនជាតិនេះ មិនមែនជាជនជាតិភាគតិចិ ដែលរស់នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាជនជាតិដែលរស់នៅក្នុងប្រទេសវៀតណាម»។
លោកបានបន្តទៀតថា «ជនជាតិម៉ុតាញ៉ា ឬ យួនដេកា គឺនៅក្នុងប្រទេសវៀតណាម។ ចំពោះ លោក កុក ស ដែលជាជនជាតិភាគតិចវៀតណាម មកចុះកិច្ចសន្យាជាមួយ លោក សម រង្ស៊ី ដោយថានៅពេលលោក សម រង្ស៊ី ធ្វើនាយករដ្ឋមន្រ្តី លោកនឹងកាត់ទឹកដីទៅឱ្យនេះ ធ្វើឱ្យខ្ញុំឈឺចាប់បំផុត អញ្ចឹងខ្ញុំមិនឱ្យ លោក សម រង្ស៊ី ធ្វើនយោបាយតទៅទៀតទេ»។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕