(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យភូមិ CATA ខួបអនុស្សាវរីយ៍២២ឆ្នាំ ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
ដោយគាំទ្រប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។ សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ១លាននាក់។
ក្រសួងទេសចរណ៍ បានផ្តល់អាជ្ញាបណ្ណដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមប្រភេទនីមួយៗ រួមមាន៖ Outbound Tour Operators ៥២ក្រុមហ៊ុន, Inbound Tour Operators ៤៩២ក្រុមហ៊ុន, Domestic Tour Operators ៤១ក្រុមហ៊ុន និង Travel Agent ២៣១ក្រុមហ៊ុន។
ដើម្បីត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ លោកបានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឲ្យបានជាប្រចាំ ដើម្បីធានាសេវាកម្មមួយប្រកបដោយទំនុកចិត្តដល់ភ្ញៀវទេសចរ និងត្រូវអនុវត្តតាមសារាចរណែ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ក្នុងផែនការអនុវត្ត និងបទដ្ឋានរបស់សមាគម សមាជិករបស់សមាគមទាំងអស់ត្រូវបានជំរុញឲ្យផ្តោតសំខាន់ និងយកចិត្តទុកដាក់លើការប្រើប្រាស់ និងចាប់យកដៃគូប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងស្ថាប័ន និងប្រតិបត្តិករណាដែលមាននូវបទដ្ឋាន និងលិខិតអនុញ្ញាតស្របតាមច្បាប់នៃកម្ពុជាតែប៉ុណ្ណោះ។ ក្រៅពីនេះ សមាជិកបានធ្វើការកែសម្រួលកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ដើម្បីពន្យារពេលនូវការស្នាក់នៅរបស់ភ្ញៀវទេសចរមកកាន់កម្ពុជា
លោកស្រីបានបន្តថា សមាគមគ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំនូវព្រឹត្តិការណ៏ពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលនៅក្នុងឆ្នាំ២០១៨ សមាគមនឹងផ្តោតសំខាន់លើខ្សែទស្សនកិច្ចក្នុងស្រុក ម្ហូបអាហារជាតិ និងសហគមន៍ទេសចរណ៍ក្នុងស្រុកផងដែរ។ ក្រៅពីនេះ សមាគមគ្រោងនឹងសហការណ៍រៀបចំនូវកម្មវិធី Amazing ASEAN Sky Caravan និង Caravan នៅក្នុងតំបន់អាស៊ាន។
នៅក្នុងឱកាសនេះ ក៏មានការចុះអនុស្សរណៈយោគយល់រវាងសមាគម CATA និងក្រុមហ៊ុន ស្ទិកបូស ហូលឌីង ខូអិលធីឌី និងរវាងសមាគម CATA ជាមួយនឹងអង្គការតម្លាភាពកម្ពុជា ក្នុងគោលបំណងចម្បងបង្កើនសកម្មភាពទេសចរណ៍ និងជួយក្នុងការផ្សព្វផ្សាយទេសចរណ៍ និងក៏ដូចជាជួយជុំរុញការរក្សានូវតម្លាភាព រវាងប្រតិបត្តិករ និងអតិថិជនផងដែរ៕