(ភ្នំពេញ)៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានមកដល់កម្ពុជាហើយ នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េន (ប្រមាណជាង៩០លានដុល្លារអាមេរិក) ដល់កម្ពុជា។
តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា លោក តារ៉ូ កូណូ នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ នឹងចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន លើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា
២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
គួរឲ្យកត់សម្គាល់ថា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនផងដែរ៕