(ភ្នំពេញ)៖ វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាសិស្សវិទ្យាល័យវ៉េសឡាញ និងម្នាក់ទៀតជាសិស្សវិទ្យាល័យបឹងត្របែក រួមជាមួយវត្ថុតាងមួយចំនួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយតាមដងផ្លូវរបស់ប្រជាពលរដ្ឋ ចំនួន២ករណី។
លោក ប៊ុន សត្យា បានបញ្ជាក់ថា ការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនសិស្សវិទ្យាល័យវ៉េសឡាញ និងសិស្សវិទ្យាល័យបឹងត្របែក ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១២៖៥០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខមជ្ឈមណ្ឌលកំសាន្ដរ៉ុក លើផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមការបញ្ចាក់ពី នាយការិយាល័យព្រហហ្មទណ្ឌកំរិតស្រាលដដែល បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាសិស្សវិទ្យាល័យទាំង២នាក់ ដើម្បីសាកសួរប៉ុន្មានម៉ោងក្រោយមក ពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ ចំនួន២ករណីមកហើយ ដោយលើកទី១-លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone ១គ្រឿង) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ នៅចំណុចក្បែរគល់ស្ពានឥន្ធូរ ខាងមុខភោជនីដ្ធាន អលមែនសេវេនស៊ី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន និងករណីទី២-លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ) នៅចំណុចក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី៤០ ភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤៖៤០នាទី។
នាយការិយាល័យព្រហហ្មទណ្ឌកំរិតស្រាលដដែល បានឲ្យដឹងទៀតថា ជនសង្ស័យឃាត់ខ្លួនបាន ១៖ ឈ្មោះ តុលា ដាវុធ ហៅពុយ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី១១(ក១) ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ ឡេង សុផា ហៅប៊យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវ៉េសឡាញ ថ្នាក់ទី១១(ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯជនរងគ្រោះឈ្មោះ WANG YU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ-E៩៩២៤៣៧៧៤ ស្នាក់នៅសណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់បង់សម្ភារៈ មានប្រាក់ដុល្លារ ៩.៧០០ដុល្លារអាមេរិក ប្រាក់ហុងកុង ចំនួនប្រហែល៣.០០០ ប្រាក់ចិន១.៩០០ និងលិខិតឆ្លងដែន ចំនួន១ បណ្ណ័បើកបរប្រទេសចិន ចំនួន១ បណ្ណ័ការងារចំនួន១ ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាក IPhone ៦s ពណ៌ផ្កាឈូក ចំនួន១ និងម៉ាកសាន់ម៉ី៦ ពណ៌ខ្មៅ ស៊ីមកាតលេខ ២០៨៦១៣២៩០០ លេខប្រទេសចិន ចំនួន១គ្រឿងទៀតផងដែរ។
ដោយឡែកសម្រាប់វត្ថុតាង ដែលដកហូតបានពីសកម្មភាពរបស់ជនសង្ស័យ ជាសិស្សវិទ្យាល័យទាំង២នាក់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០១៨ លេខតួ-៨១២៤០៣១ លេខម៉ាស៊ីន ៨១២៤០៣១ គ្មានស្លាកលេខ ដោយវត្ថុតាងចាប់យកមានមួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ពាក់ពេលធ្វើសកម្មភាព ចំនួន១ ស្បែកជើងផ្ទាត់ ពណ៌ស-ខ្មៅ ពាក់ពេលធ្វើសកម្មភាព ចំនួន១គូរ ផងដែរ។
បច្ចុប្បន្នជនសង្ស័យជាសិស្សវិទ្យាល័យវ៉េសឡាញ និងសិស្សវិទ្យាល័យបឹងត្របែកទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕