(បាត់ដំបង)៖ ប្រជាពលរដ្ឋខ្មែរ​ ដែលជាពលករបម្រើការងារនៅប្រទេសថៃ​ រាប់ពាន់នាក់​ បាននិងកំពុងសម្រុកចេញមកស្រុកកំណើតវិញ​ ដើម្បីចូលរួមអបអរសាទរ​ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ ជាមួយក្រុមគ្រួសាររបស់ពួកគេ​។

ពលករទាំងនេះ​ បានចេញមកតាមច្រកអន្តរជាតិ​ រវាងប្រទេសទាំង២​ នៅជាប់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ​ ខេត្តបាត់ដំបង​ ខេត្តប៉ៃលិន​ និងខេត្តឧត្តរមានជ័យជាដើម។

សម្រាប់ច្រកអន្តរជាតិដូង​ នៅស្រុករវៀង​ ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ សៅ​ ប៊ុនរិទ្ធ​ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង​ នៅព្រឹកថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១៨​ បានប្រាប់អង្គភាពព័ត៌មាន​ Fresh News ថា​ រហូតមកដល់ព្រឹកនេះពលករខ្មែរនៅថៃរាប់ពាន់នាក់​ បានធ្វើដំណើរមកស្រុកកំណើតវិញ​ ដោយមានទីលំនៅក្នុងខេត្តផ្សេងៗ​ ដើម្បីមកចូលរួមសប្បាយជាមួយពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី​ សៅ​ ប៊ុនរិទ្ធ​ បានបញ្ជាក់ថា​ នៅថ្ងៃទី៥​ ខែមេសា​ មានពលករខ្មែរចំនួន៥៤២០នាក់, ថ្ងៃទី៦​ ខែមេសា​ មានពលករចំនួន៦២០៥​នាក់, ថ្ងៃទី៧​ ខែមេសា​ មានពលករខ្មែរចំនួន២៥៣៣នាក់​ ដូច្នេះសរុប​គ្រាន់តែ៣ថ្ងៃមានចំនួន១៤១៥៨នាក់​ ដោយមិនទាន់គិតនៅថ្ងៃទី៨​ ខែមេសានេះនៅឡើយទេ​។

លោកឧត្តមសេនីយ៍ត្រី​ បានបន្តថា​ នៅពេលពលករខ្មែរយើងត្រឡប់មកដល់ច្រកទ្វារនោះ​ មន្រ្តីរបស់លោកបានធ្វើត្រួតពិនិត្យលិខិតឆ្លងដែន​ និងប័ណ្ណពណ៌ស៊ីជម្ពូហើយប្រកាសប្រាប់ពួកគេថា​ សូមអញ្ជើញត្រឡប់ទៅថៃវិញឲ្យបានមុនថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៨។

ជាមួយគ្នានេះ​ ពាក់ព័ន្ធនិងការចោទប្រកាន់ថា​ មន្រ្តីនគរបាលអន្តោប្រវេសន៍យកលុយយកកាក់ពីពលករនោះ​ ត្រូវបានប្រធាននគរបាលអន្តោប្រវេសន៍រូបនេះ​ ច្រានចោលទាំងស្រុង​ ហើយបានបញ្ជាក់ត្រឡប់មកវិញថា​ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល​ ក្រសួងមហាផ្ទៃ​ ជាពិសេសបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ សុខ​ ផល​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ គឺមន្រ្តីនៅច្រកទ្វារដាច់ខាត​ មិនបានទៅប៉ះពាល់លុយកាក់របស់ប្រជាពលករនោះឡើយ។

ទន្ទឹមគ្នានេះ​ នៅពេលពលករកំពុងឆ្លងចូលមកវិញនោះ​ មានមន្រ្តីនគរបាលក៏បានឈរប្រកាសស្រែកប្រាប់ថា​ មិនមានការយកលុយយកកាក់ឡើយពីបងប្អូន​ ក្រៅតែពីការត្រួតពិនិត្យលិខិតឆ្លងដែន​ និងប័ណ្ណពណ៌ស៊ីជម្ពូរនោះឡើយ។

សូមបញ្ជាក់ថា​ ក្នុងអំឡុងពេលមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ភាគីកម្ពុជា និងភាគីថៃ បានសហការគ្នាសម្រួលដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ អាចធ្វើដំណើរចេញចូលប្រទេសថៃ-កម្ពុជា បានចាប់ពីថ្ងៃទី៥ រហូតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

យោងតាមសេចក្តី ជូនដំណឹងរបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានបញ្ជាក់ពីគោលការណ៍ចំនួន៤ ដែលសម្រួលដល់ពលករខ្មែរ៖

ទី១៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ភាគីកម្ពុជា និងភាគីថៃ បានសហការគ្នាដើម្បីសម្រួលដល់ពលករ ដែលកាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) នៅមានសុពលភាព និងពលករដែលកាន់លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស (TD) ដែលមានទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារនៅមានសុពលភាព ព្រមទាំងអ្នកនៅក្នុងបន្ទុក អាចធ្វើដំណើរចេញ ចូលប្រទេសថៃ-កម្ពុជាបានចាប់ពីថ្ងៃទី៥ រហូតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

ទី២៖ ចំពោះបងប្អូនពលករ កាន់កាប់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ) ដែលមានបំណងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ត្រូវស្នើសុំលិខិតអនុញ្ញាតពីមន្ទីរការងារថៃ ក្នុងខេត្តដែរខ្លួនកំពុងធ្វើការ។ ដោយឡែកចំពោះបងប្អូនពលករ ដែលកាន់កាប់លិខិតឆ្លងដែន លិខិតធ្វើដំណើរ (TD) ត្រូវទៅស្នើសុំទិដ្ឋាការចេញ ចូលនៅការិយាល័យអន្តោប្រវេសន៍ក្នុងខេត្ត ដែលខ្លួនធ្វើការ ឬច្រកព្រំដែនអន្តរជាតិ ដោយពុំមានបង់កម្រៃឡើយ។

ទី៣៖ ពលករទាំងអស់ត្រូវឆ្លងកាត់ តាមច្រកព្រំដែនអន្តរជាតិ ប្រសិនបើជាត្រឡប់មកកម្ពុជា តាមច្រកណាត្រូវត្រឡប់ទៅថៃវិញតាមច្រកនោះវិញ។

ទី៤៖ ពលករកម្ពុជាកាន់ប័ណ្ណមិនមែនសញ្ជាតិខ្មែរ (ប័ណ្ណពណ៌ស៊ីជម្ពូ) មិនត្រូវឲ្យសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន ដើម្បីធ្វើដំណើរត្រឡប់មកកម្ពុជាវិញឡើយ ក្នុងអំឡុងពេលភាគីថៃ និងកម្ពុជា បានឯកភាពគ្នានោះ៕