(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងថា ចំណេះដឹងជាមូលដ្ឋាន តែចំណេះធ្វើជាការសំខាន់។
លោកស្រី ឱ វណ្ណឌីន ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ចំណាក់ថ្នាក់លេខ១ ដល់លេខ៣ និងបុគ្គលិកសាស្ត្រាចារ្យប្រចាំឆ្នាំ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។
ពិធីនោះក៏មានការចូលរួមពីលោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងលោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងជាទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ចំណេះដឹងជាមូលដ្ឋាន ដើម្បីពិចារណា និងបង្ហាញផ្លូវសម្រាប់ដើរ ដោយឡែកចំណេះធ្វើជាការសំខាន់ ព្រោះការដែលយើងអភិវឌ្ឍន៍ខ្លួនចេញ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត គឺអាស្រ័យទៅលើចំណេះធ្វើនោះឯង»។
លោកស្រីបានបន្តថា «នៅពេលដែលយើងទៅដាក់ពាក្យរកការងារធ្វើ គេត្រូវការអ្នកដែលមានបទពិសោធន៍ គឺចំណេះធ្វើ ប៉ុន្តែបើយើងមិនមានបទពិសោធន៍លើការងារនោះទេ គេមិនសូវត្រូវយើងការទេ»។
ជាមួយគ្នានេះលោក មួន វាសនា បានលើកឡើងថា តាមលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ស្តីពីការងារជ័យលាភីនិស្សិតទាំងអស់ តាមគម្រូសំណាក់ (Sample) មាន១១ភាគរយ នៃនិស្សិតជ័យលាភីចំនួន ៧៨៦អង្គ/នាក់ បានរកឃើញថា និស្សិតមានការងារធ្វើ ៩៥.៥ភាគរយ និងកំពុងរកការងារធ្វើ ៩.៥ភាគរយ ក្នុងនោះធ្វើការក្នុងស្ថាប័នរដ្ឋ ៣៩ភាគរយ តាមក្រុមហ៊ុនឯកជន ៥០ភាគរយ និងតាមបណ្តាអង្គការផ្សេងៗ ១១ភាគរយ ហើយពួកគាត់កំពុងធ្វើការជាអ្នកបច្ចេកទេស និងជាអ្នកគ្រប់គ្រង និងតួនាទីជាអ្នកជំនួយការផ្សេងៗផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងការប្រារព្ធពិធីអបអរឆ្នាំថ្មី នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចនោះ ក៏មានការលេងល្បែងប្រជាប្រិយ៍ខ្មែរ និងរាំលេងកំសាន្តផងដែរនៅពេលរាត្រី៕