(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកសណ្ឋាគារ SUN & MOON នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីជប់លៀង ជូនដល់បុគ្គលិកសណ្ឋាគារទាំងអស់ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លះខាងមុខនេះ ព្រមទាំងមានការចែករង្វាន់ដល់បុគ្គលិកផងដែរ។
ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានលើកឡើងអំពីការរីកចម្រើន របស់សណ្ឋាគារយ៉ាងច្រើន ដែលជាការរួមចំណែកពីបុគ្គលិក និងសហការីទាំងអស់ ធ្វើឲ្យសណ្ឋាគាររហូតមកដល់ពេលនេះ មានឈ្មោះល្បីរន្ទឺទាំងថ្នាក់ជាតិ និងអន្តរជាតិ ការទទួលស្គាល់ ព្រមទាំងមានការទទួលរង្វាន់ពីការវាយតម្លៃ នៃសណ្ឋាគារល្បីៗ ពីឆាកអន្តរជាតិទៀតផង។
លោកឧកញ៉ាបណ្ឌិត ជា រតនា សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងការងាររបស់បុគ្គលិកទាំងអស់ ដែលរួមចំណែកធ្វើឲ្យសណ្ឋាគារមានឈ្មោះល្បីរន្ទឺមកដល់ពេលនេះ ហើយក្នុងពេលនោះដែរ លោកឧកញ៉ា ដែលមានតួនាទីជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងអំពីការរីកចម្រើនប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យសង្គមជាតិទាំងមូលមានសន្តិភាព មានស្ថេរភាពនយោបាយ អភិវឌ្ឍន៍យ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យមានការវិនិយោគទុន កើនឡើងជាបន្តបន្ទាប់ និងជាផ្លូវមួយដើម្បីឲ្យអ្នករកស៊ីទាំងឡាយមានឱកាសវិនិយោគនៅលើជំនួញរបស់ខ្លួន ជាក់ស្តែងនៅក្នុងសណ្ឋាគារ SUN & MOON នេះបើគ្មានការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ទេការបោះទុនវិនិយោគលើសណ្ឋាគារ ក៏មិនបានមកដល់សព្វថ្ងៃនេះដែរ។
សូមបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោកបណ្ឌិត ជា រតនា បានឧបត្ថម្ភថវិកា៥០០០ដុល្លារអាមេរិកដល់ គ្រួសារបុគ្គលិកសណ្ឋាគារម្នាក់ ដែលជួបគ្រោះថា្នក់ចរាចរណ៍ស្លាប់ ហើយការឧបត្ថម្ភថវិកានោះគោលបំណងជួយរម្លែក និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គ្រួសារសពផងដែរ៕