(មណ្ឌលគិរី)៖ ករណីឃាតកម្មប្តីប្រពន្ធ២នាក់ ស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងផ្ទះមួយកន្លែង ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង២ ខេត្តមណ្ឌលគិរី ពេលនេះសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី រកឃើញមូលហេតុនៃអំពីឃាតកម្មនេះហើយ។
យោងតាមរបាយការណ៍របស់ស្នងការនគបាលខេត្តមណ្ឌលគិរី ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសានេះ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ និងសាកសួរសាក្សីចប់សព្វគ្រប់ បានរកឃើញថា ករណីឃាតកម្មយ៉ាងសាហាវមួយ នៅខេត្តមណ្ឌលគិរី កើតឡើងមកពីប្តីជាអ្នកកាប់សម្លាប់ប្រពន្ធ រួចធ្វើអត្តឃាតអារ.ក ខ្លួនឯង ដែលបុរសជាប្តីនោះមានសតិមិនល្អជាច្រើនខែមកហើយ។
ប្តីប្រពន្ធ២នាក់ខាងលើនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមកាលពីម៉ោង០៩៖០០ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរកា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង២ ខេត្តមណ្ឌលគិរី។
ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ករណីឃាតកម្មនេះ បង្កឡើងដោយបុរសជាប្តី ឈ្មោះ ង្រើម វីន ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិភ្នង មានទីលំនៅបច្ចុប្បន្ន ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង បានប្រើកាំបិតផ្គាក់ កាប់ប្រពន្ធឈ្មោះ ក្លើយ សុកេ អាយុ៤០ឆ្នាំ ត្រូវបំពង់ករ ១កាំបិត និងត្រូវកញ្ចឹងករពីក្រោយ ១កាំបិត ពេលកំពុងបេះត្រួយស្អំ បណ្តាលឲ្យស្លាប់នៅក្រោមដើមស្អំជិតផ្ទះ។
ក្រោយសម្លាប់ប្រពន្ធរួចជនសង្ស័យ បានយកកាំបិតចុងស្រួចអារ.ក ធ្វើអត្តឃាតខ្លួនឯង ដាច់បំពង់.ក បណ្តាលឲ្យស្លាប់ទន្ទឹមគ្នា ជាមួយសាកសពប្រពន្ធ នៅកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវសាក្សី ចប់សព្វគ្រប់ហើយ បានប្រគល់សាកសពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕