(រតនគិរី)៖ អភិបាលខេត្តរតនគិរី របស់កម្ពុជា លោក ថង សាវុន និងអភិបាលខេត្តអត្តពឺប្រទេសឡាវ ដែលទើបឡើងកាន់តំណែងថ្មីលោក ឡេត សៃញ្ញាផន បានសន្យារួមគ្នាដោះស្រាយរាល់បញ្ហានៅតាមព្រំដែននៃខេត្តទាំងពីរដោយសន្តិវិធី ហើយនឹងប្រឹងប្រែងលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំប្រយោជន៍សម្រាប់ប្រជាជននៃខេត្តទាំងពីរ។
ការជជែកឈានដល់ការសន្យាលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមនានានៅតាមព្រំដែនខេត្តរតនគិរី និងខេត្តអត្តពឺ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមមួយរវាងលោក ថង សាវុន ជាមួយលោក ឡេត សៃញ្ញាផន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ។
មន្រ្តីសាលាខេត្តរតនគិរី បានឲ្យដឹងថា នៅថ្ងៃនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តរតនគិរី អញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តអត្តពឺ នៃសាធារណរដ្ឋ ប្រជាមានិតឡាវ។
ក្នុងឱកាសនៃការជួបសម្តែងការគួរសម និងជូនពរនោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងក្តីសោមនស្សជាមួយការចូលកាន់តំណែងរបស់លោក ឡេត សៃញ្ញាផន អភិបាលខេត្តអត្តពឺ។
មន្ត្រីសាលាខេត្តរតនគិរី បានបញ្ជាក់ប្រាប់ Fresh News ថា «ក្នុងនាមខេត្តជាប់ព្រំដែន ថ្នាក់ដឹកនាំខេត្តទាំងពីរបានជំរុញលើកកម្ពស់ និងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងថែមទៀត»។
មន្ត្រីដដែលនេះ បានឲ្យដឹងទៀតថា «ថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានជំរុញឲ្យមានការដោះស្រាយដោយសន្តិវិធី ព្យាយាមឲ្យអស់ពីលទ្ធភាពនៅថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត រាល់បញ្ហាប្រឈមនានាដែលកើតមានឡើង និងជំរុញឲ្យមានទំនាក់ទំនង កិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែននៃខេត្តទាំងពីរ ជំរុញកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋទាំងសងខាង តាមរយៈការ តភ្ជាប់បណ្តាញផ្លូវគមនាគមន៍សម្រាប់ទំនាក់ទំនង ផ្លាស់ប្តូរពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋខេត្តទាំងពីរ»។
បើតាមមន្រ្តីក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងជូនពរឆ្នាំថ្មីប្រពៃណីជាតិរៀងៗខ្លួន ព្រមទាំងបានធ្វើពិធីចងដៃទៅតាមទំនៀមទំលាប់ក្នុងតំបន់៕