(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសៅរ៍៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
ការលើកឡើងរបស់ សម្តេច ស ខេង បានធ្វើឡើងក្នុងឱកាស សម្តេច អញ្ចើញចូលរូមបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តនាគរង្សី ស្ថិតក្នុងភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីក្រុមការងារឃុំទាំង៩ក្នុងស្រុកបាភ្នំ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារស្រុក លោក ជា សុមេធី អភិបាលខេត្ត និងមន្ត្រីរាជការមួយចំនួននៃខេត្តព្រៃវែង និងស្រុកបាភ្នំ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុក ប្រមាណ ៥.០០០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្តេចក្រឡាហោម សម្តេច ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ ដែលមានសន្តិភាពស្ថិរភាពរឹងមាំ និងការអភិវឌ្ឍជាលំដាប់ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ និងមានជីវភាពកាន់តែធូរធារក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
សម្តេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាបន្តរក្សាការពារសមិទ្ធផលទាំងអស់នេះឱ្យបានរឹងមាំ ដើម្បីសង្គមជាតិមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយចីរភាព ប្រជាពលរដ្ឋរស់នៅកាន់តែសម្បូរសប្បាយរុងរឿងតទៅទៀត ហើយ សម្តេច បានណែនាំឱ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បន្តខិតខំបំពេញភារកិច្ចល្អបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីធានាដល់ប្រក្រតីភាព និរន្តភាព និងវឌ្ឍនភាពនៃសង្គមជាតិ។
ក្នុងឱកាសនោះ សម្តេចបានសម្តែងអំណរគុណ និងកោតសរសើរក្នុងនាមរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធក្នុងស្រុកទាំងមូល ដែលបានរួមសាមគ្គីគ្នាកសាង និងអភិវឌ្ឍភូមិ ស្រុករបស់ខ្លួន ជាក់ស្តែង ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តនាគរង្សីនេះ ជាសក្ខីភាពស្រាប់។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានផ្តល់សាលា១ខ្នង មាន០៦បន្ទប់ ជូនសាលាបឋមសិក្សានាគរង្សីដែលកំពុងខ្វះខាត ដោយមាន លោកឧកញ៉ា អ៊ុក សុចិត្រ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ហឺហ្វីដែលជាអ្នកឧបត្ថម្ភការសាងសង់ និងបានចូលបច្ច័យ ដើម្បីទូទាត់បង្ហើយការសាងសង់ព្រះវិហារវត្តនាគរង្សី ចំនួន ៧៦.៥៦៨.០០០រៀល។ រីឯបច្ច័យចំនួន ៣៨.០០០.០០០រៀល របស់ក្រុមការងារស្រុក និងចំនួន ២០.៥៩១.៧០០រៀល របស់សប្បុរសជនដទៃទៀត ត្រូវបានប្រគល់ជូនគណៈកម្មការវត្តទូទាត់ការចាត់ចែងពិធីបុណ្យ និងកសាងវត្តបន្តទៀត។ ពិធីនេះបានបញ្ចប់ក្នុងបរិយាកាស សាមគ្គីសោមនស្សរីករាយ ជាភយោភាពក្រោយពេលសម្តេចក្រឡាហោម បានអញ្ជើញកាត់ឬសសីមាដើម្បីឆ្លងព្រះវិហារតាមពិធីព្រះពុទ្ធសាសនា។