(ភ្នំពេញ)៖ ទីបំផុត ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត វុធី ពិតជាមិនអាចនៅស្ងៀមនឹងការបែកធ្លាយការណ៍សម្ងាត់ ដែលលួចទាក់ទងជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដោយមានលោករដ្ឋា វិសាល អតីតសហការីរបស់ខ្លួន បម្រើការនៅវិទ្យុអាស៊ីសេរីជាអ្នកសម្រួលសម្រួលឡើយ ពេលនេះអនុប្រធានវិទ្យុអាស៊ីសេរីរូបនេះបានចេញ មុខមកប្រឌិតរឿងអាម៉ាសរបស់ខ្លួនទាំងគ្មានភាពអៀនខ្មាសបន្តិចឡើយ។
នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨នេះ ជុន ច័ន្ទបុត្រ បានរៀបចំការសម្ភាសមួយដោយឱ្យកូនចៅរបស់ខ្លួនឈ្មោះ មួង ណារ៉េត ដែលជាកូនប្រសាររបស់ ប៉ុល ហំម សួរសំណួរដែលបានស្ថិតនៅក្នុងសេណារីយូប្រឌិត និងកាឡៃការពិតដើម្បីជួយលាងជម្រះនូវភាពអាម៉ាស់នេះ និងកសាងទំនុកចិត្តឡើងវិញក្នុងចំណោម ចៅហ្វាយនាយបរទេសរបស់ ខ្លួនថាខ្លួនមិនបានធ្វើអ្វីដែលបានចោទប្រកាន់ ឬមាននៅក្នុងខ្សែអាត់សំឡេងទេ។ គ្រាន់តែមើលមុខ ជុន ច័ន្ទបុត្រ និយាយក៏ដឹងថា ទឹកមុខដែលគ្មានរងឈាម ក្រសែភ្នែកប្រកបដោយទុក្ខក្រៀមក្រំ និងសំឡេងដែល មិនលះដូចពេលមុននោះ គឺជាការបង្ហាញថា ជុន ច័ន្ទបុត្រ កំពុងនិយាយក្បត់ចិត្ត ក្បត់ការពិត និងមិនអាច នឹងបញ្ចុះបញ្ចូលឱ្យគេជឿខ្លួនបានឡើយ។
ដើម្បីស្តារភាពអាម៉ាសនិងកិត្តិយស ដែលលក់ខ្លួនឱ្យបរទេស ជុន ច័ន្ទបុត្រ ដែលធ្លាប់ប្រកាសក្តែងៗថាជាអ្នកកាសែតវិជ្ជាជីវៈតែពេលនេះបានរំលោភម្តងហើយម្តងទៀត នូវវិជ្ជាជីវៈ និងព្យាយាមលាក់បាំងការពិត ប្រឌិតរឿងផ្ទុយពីការពិត។ ទោះខំប្រឹងយ៉ាងណាក៏គ្មាននរណាទៅជឿជនរូបនេះដែរ ព្រោះសម្បូណ៌វោហា ប៉ុន្តែជាមនុស្សបែបពុលទឹកមាត់។
តាមពិតទៅខ្សែអាត់សំឡេងក្នុងពេលពិសាអាហារជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោក រដ្ឋា វិសាល អតីតបុគ្គលិកអាស៊ីសេរី ដែលនៅក្នុងនោះ ជុន ចន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាខេមរភាសា បានទម្លាយចេញនូវអាថ៌កំបាំងជាច្រើន ទាក់ទងនឹងការស្នើសុំកម្លាំងការពារកុំឱ្យកម្លាំងសម្ងាត់ស៊ីអាយអេ សម្លាប់ដូច កែម ឡី និងការមិនចង់ឱ្យបក្សប្រឆាំងឈ្នះការបោះឆ្នោតជាដើម គឺជាការពិតមិនអាចប្រកែក បានឡើយ ហើយតាមរយៈខ្សែអាត់នេះ ពលរដ្ឋខ្មែរបានដឹងច្បាស់អំពី ក្រយៅពិតរបស់ ជុន ច័ន្ទបុត្រ។ ជុន ច័ន្ទបុត្រ ដែលចុងក្រោយនេះហាក់ដូចជា យីអ៊ុនដាក់អារក្ខជាន់! អស់ពីក្លែងឋានៈដើម្បីចូលក្នុងពន្ធនាគារ និងត្រូវបានចោទ ប្រកាន់ចំពោះមុខតុលាការ ជុន ច័ន្ទបុត្រត្រូវបានអតីតបុគ្គលិករបស់ខ្លួនបកស្បែកមុខនិង បង្ហាញពីភាពក្បត់វិជ្ជាជីវៈរំលោភលើក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ វិទ្យុអាស៊ីសេរីដែលលួចទម្លាយ ការសម្ងាត់របស់វិទ្យុឱ្យមជ្ឈដ្ឋានខាងក្រៅដឹង និងលួចទាក់ទងសម្ងាត់ជាមួយនឹងមន្ត្រីរដ្ឋាភិបាល សុំជំនួយ ពីមន្ត្រីរដ្ឋាភិបាលថែមទៀតផង។
បើខ្សែអាត់សំឡេងមិនមែនជាការពិតទំនងទាំង ជុន ច័ន្ទបុត្រ និងស្ថាប័នវិទ្យុអាស៊ីសេរី ចេញមកតតាំងការពិតជាយូរទៅហើយ មិនសម្ងំ ប្រកាន់ទ្រឹស្តីមិនឆ្លើយ មិនឆ្លងដូច្នេះទេ ព្រោះចរិតពិតនៃវិទ្យុអាស៊ីសេរី និង ជុន ច័ន្ទបុត្រ ខ្លួនឯងគឺមិនអាចនៅស្ងៀមចំពោះអ្វីដែលខ្លួនគិតថាជាផលប្រយោជន៍នោះទេ ហេតុដូច្នេះហើយបានជាពួកគេព្យាយាមធ្វើអ្វីដើម្បីបំភ្លៃបំផ្លើស និងបំភាន់សាធារណមតិ។ ប៉ុន្តែដល់ពេលដែលការពិតត្រូវបានគេដឹង វិទ្យុអាស៊ីសេរី ជាពិសេស ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានពូកែញុះញង់ និងបំភ្លៃព័ត៌មានដើម្បីបម្រើមហិច្ឆតាអំណាចរបស់ខ្លួននោះ បែរជាមិនហ៊ានប្រឈមនឹងការពិតទៅវិញ។
ដោយមិនអាចនឹងទប់ទល់នឹងសម្ពាធនៃថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីមិនបាន ជុន ច័ន្ទបុត្រ បានព្យាយាមបំភ្លៃការពិតដោយមិនអៀនខ្មាស ក្បត់ចិត្ត និងឧត្តមគតិរបស់ខ្លួន ក្រោយពីរកពេលវេលាដើម្បីស្វែងរកការដោះសារ និងកាឡៃសភាពការណ៍ពិត។ ប៉ុន្តែការពិតនៅតែជាការពិត ជុន ច័ន្ទបុត្រ មិនអាចកុហកខ្លួនឯង និងម្ចាស់ទឹកម្ចាស់ដី ជំនាងភោជនីយដ្ឋានដែលខ្លួនបានអង្គុយទទួលបាយ និងនិយាយចេញមកនូវបញ្ហាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរីឡើយ។
ចំពោះមុខនៃព័ត៌មាននៃការលួចទាក់ទងជាសម្ងាត់ ជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺ ជុន ច័ន្ទបុត្រ នៅស្ងៀមស្ងាត់នាពេលកន្លង ទៅ មានន័យស្នើនឹងទទួលស្គាល់ការពិតរួចស្រេចទៅហើយ។ ប៉ុន្តែដោយសារតែដើម្បីបន្តអាជីព និងផែនការរបស់ខ្លួន ខ្ចីដៃវិទ្យុអាស៊ីសេរីរបស់ អាមេរិកដើម្បីបម្រើផលប្រយោជន័បក្សពួកខ្លួន និងមហិច្ឆតាអំណាច ជុន ច័ន្ទបុត្រ ត្រូវបង្ខំចិត្តរៀបចំបទសម្ភាសបែបឡប់ឡែមួយដើម្បីការពារខ្លួន។ ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយ! ការពិតត្រូវបានគេដឹង អស់ហើយ ល្បិចដែល ជុន ច័ន្ទបុត្រ កំពុងតែឃុបឃិតធ្វើក៏គេបានដឹងអស់ដែរ។ ជុន ច័ន្ទបុត្រ ធ្វើឫកដូចជា ហំ ប៉ុន្តែក្នុងចិត្តពោរពេញដោយវិប្បដិសារី និងភាពខ្មាស់អៀនព្រោះអាថ៌កំបាំង និងទង្វើអាក្រក់របស់ខ្លួនត្រូវ បានលាតត្រដាង។ នៅពេលនេះជម្រើសចុង ក្រោយរបស់ ជុន ច័ន្ទបុត្រ មានតែ២ប៉ុណ្ណោះ គឺក្លាហានលាលែងពីតំណែង ឬរង់ចាំឱ្យមេវិទ្យុអាស៊ីសេរីបណ្តាញចេញ?
បើទទួលស្គាល់ថាជាការពិត និងមានភស្តុតាងតាំងខ្សែអាត់សំឡេង សារទំនាក់ទំនងគ្នារវាងជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាពេលកន្លងទៅហើយ លោក រដ្ឋា វិសាល ជាអ្នកសម្របសម្រួល ជំនួបជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជាសាក្សីរស់ទៀត តើប្រធានស្ថាប័នវិទ្យុអាស៊ីសេរី នឹងចាត់វិធានការបែបណា ទៅលើបុគ្គលិករបស់ខ្លួនឈ្មោះ ជុន ច័ន្ទបុត្រនេះ? ព្រោះបើពិនិត្យលើក្រុមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ទង្វើរបស់ ជុន ច័ន្ទបុត្រ ដែលលួចទាក់ទង ជាសម្ងាត់និយាយពីបញ្ហាផ្ទៃក្នុងរបស់អង្គភាពបញ្ចេញទៅប្រភពខាងក្រៅ គឺជាការរំលោភបំពានបទបញ្ជាយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង របស់វិទ្យុអាស៊ីសេរី គឺហាមដាច់ខាតមិនឲ្យបុគ្គលិកបញ្ចេញព័ត៌មានផ្ទៃក្នុងរបស់អង្គភាពចេញទៅខាងក្រៅឲ្យអ្នកផ្សេងដឹងឡើយ បើបុគ្គលិករូបណាហ៊ានល្មើស ឬក៏ណាត់ជួបជាសម្ងាត់ជាមួយមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់ ដោយមិនបានសុំការអនុញ្ញាតពីប្រធានរបស់ខ្លួនទេនោះ ត្រូវមានទោសធ្ងន់ធ្ងរ ឈានដល់បណ្ដេញចេញពីការងារតែម្ដង។
បើពិនិត្យមើលកំហុសឆ្គងរបស់ ជុន ច័ន្ទបុត្រ នៅពេលនេះគឺអាចនឹងត្រូវវិទ្យុអាស៊ីសេរីដែលគ្រប់គ្រង ដោយអាមេរិកបញ្ឈប់ពីការងារបានហើយ ព្រោះជាកំហុសឆ្គងដ៏ ធ្ងន់ធ្ងរបំផុត។ គេនៅចាំបានថា វិទ្យុអាស៊ីសេរី បានបញ្ឈប់បុគ្គលិករបស់ខ្លួនជាច្រើននាក់រួចមកហើយ ដែលបានទទួលការអញ្ជើឱ្យហូបអាហារនៅក្នុងនាមជាមិត្តភាព ឬក៏គ្រាន់តែសង្ស័យថា មានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលជាដើម។ ប្រជាពលរដ្ឋខ្មែរនៅរង់ចាំមើលថា តើវិទ្យុអាស៊ីសេរី ហ៊ានចាត់វិធានការយ៉ាងណា ចំពោះការប្រព្រឹត្តកំហុសឆ្គងរបស់ ជុន ច័ន្ទបុត្រ ដូចដែលវិទ្យុនេះបានចាត់វិធានយ៉ាងអយុត្តិធម៌ចំពោះបុគ្គលិកផ្សេងទៀតរបស់ខ្លួនដូចពីមុនដែរ ឬទេ?
ជុន ច័ន្ទបុត្រ ខ្លួនឯងដែលតែងតែអះអាងពីការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពវិន័យបទបញ្ជារបស់វិទ្យុពេញៗមាត់នោះ គួរតែពិចារណាខ្លួនឯងថា តើទង្វើដែលខ្លួនបានធ្វើជាពេលកន្លងទៅលួចទាក់ទងជាសម្ងាត់ជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តើជាកំហុស ឬមិនមែនជាកំហុស តើជាការរំលោភបទបញ្ជាផ្ទៃ ក្នុងនិងក្រមសីលធម៌របស់វិទ្យុអាស៊ីសេរីដែរឬទេ?
ពេលនេះ ជុន ច័ន្ទបុត្រ គួរមានភាពក្លាហានលាលែងចេញពីតំណែងជាអនុប្រធានវិទ្យុអាស៊ីសេរីដោយខ្លួនឯង ជាងជារង់ចាំប្រធានស្ថាប័នវិទ្យុនេះបណ្តេញចេញ ដោយសារតែភាពធ្ងន់ធ្ងរនៃការបំពានបទបញ្ជាផ្ទៃក្នុង និងការទម្លាយបញ្ហាសម្ងាត់ទាក់ទងនឹងអង្គភាពវិទ្យុអាស៊ីសេរីដល់អ្នកផ្សេង ដូច្នេះរង់ចាំមើលថា តើ ជុន ច័ន្ទបុត្រ មានភាពក្លាហានលាលែងចេញពីតំណែងទេ? ឬក៏នៅមុខក្រាសបន្តអនុវត្តផែនការបំផ្លាញជាតិក្រោមខ្សែញាក់របស់បរទេសទៀត? បើខ្លួនពិតជាចង់ចាកចេញពី ស្ថាប័នអាស៊ីសេរីមែន ការរំលោភក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរីប៉ុណ្ណេះ មានតម្លៃសមល្មមឱ្យ ជុន ច័ន្ទបុត្រ ដើរចេញបានតាមបំណងហើយ ប៉ុន្តែបើសិនជា ជុន ច័ន្ទបុត្រ មិនបានលាលែងនិងលួចសម្ងំបំពេញការងារនៅទីនេះទៀត គឺអ្វីៗដែល ជុន ច័ន្ទបុត្រ បានធ្វើពីមុនគ្រាន់តែជាល្បិចដំឡើង តម្លៃខ្លួនតែប៉ុណ្ណោះ ហើយក៏គ្មាននរណាជឿទៀតដែរព្រោះពេលនេះគោលដៅពិតរបស់វិទ្យុអាស៊ីសេរីដែល ពោរពេញដោយសាច់ញាតិនៃបក្សប្រឆាំងធ្វើការដូចជា មួង ណារ៉េត ជាកូនប្រសាររបស់លោក ប៉ុល ហំម ដែលកំពុងដើរតួតែៗ ស្ករៗ ជាមួយ ជុន ច័ន្ទបុត្រ បំពុលសង្គមខ្មែរតាមរយៈការបំភ្លៃព័ត៌មាន និងបំប៉ោង ខុសពីស្ថានការណ៍ពិតនៅកម្ពុជា ត្រូវបានបកអាក្រាតអស់ទៅហើយ។
ពេលនេះគេដឹងច្បាស់ហើយថា វិទ្យុអាស៊ីសេរីពិតជាឧបករណ៍ដាច់ថ្លៃរបស់អតីតបក្សប្រឆាំង និងធ្វើអ្វីៗតាមខ្សែញាក់ចៅហ្វាយបរទេសរបស់ខ្លួន នៅក្នុងការបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនកម្ពុជា។ ពិតឬមិនពិត ជុន ច័ន្ទបុត្រដឹងខ្លួន ឯងច្បាស់ណាស់ ហើយហ៊ានលាលែងតំណែងឬមិនហ៊ាន ក៏មានតែជុន ច័ន្ទបុត្រ ម្នាក់ឯងប៉ុណ្ណោះដែលអាចសម្រេចចិត្តបាន៕
ដោយ៖ អ្នកវិភាគចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨