(សៀមរាប)៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើករាសី ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹងជួយដល់លោក លោកស្រី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តមន្ដ្រីរាជការទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។
លោកអភិបាលខេត្តសៀមរាប ក៏បានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ឲ្យទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួង សួងដល់ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ដែលមានទេវតាព្រះនាម មហោទរាទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ។
ក្នុងឱកាសនោះដែរ ក៏មានការនិមន្តព្រះសង្ឃ៦១អង្គ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនដែលបានស្លាប់ ដោយភាពអយុត្តិធម៌ ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ។
បន្ថែមពីនេះ ក៏មានការសម្តែងនូវរបាំត្រុដ៏ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃយឆ្នាំចាស់ និងទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ៕