(ឧត្តរមានជ័យ)៖ ដើម្បីពង្រឹងគុណភាពទំនិញ ជាម្ហូបអាហារ នៅតាមបណ្តាផ្សារនានាក្នុងខេត្ត មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ នាពេលខ្លីខាងមុខនេះ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានសហការជាមួយសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅផ្សារចុងកាល់ ដែលស្ថិតនៅស្រុកចុងកាល់ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ។
មន្ដ្រីកាំកុងត្រូល បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យក្រុមការងារសាខាកាំកុងត្រូល បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមានភេសជ្ជៈចម្រុះ៧៤មុខ ដើម្បីទុកដុតកម្ទេចចោល ដោយឡែកមានប្រេងខ្យងចំនួន៧ដបតូច ខ្ទឹមជ្រក់ចំនួន០៣ដប ទឹកស៊ីអ៊ីវ១១ដប ប្រេងឆា០២ដប បឺរ៥កំប៉ុង និងស្កគ្រាប់១៦កែវផងដែរ ដែលខូចគុណភាព។
ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នធ្វើការណែនាំដល់បងប្អូនអាជីវករឲ្យមានការយល់ដឹង ពីការនាំចូល និងដាក់តាំងលក់នៅទីសុវត្ថិភាព ម្ហូបអាហារ ហើយលោកក៏បានសង្កត់ធ្ងន់ ទៅលើទំនិញ ដែលហួសកាលបរិច្ឆេទ នៃការប្រើប្រាស់គឺមិនតម្រូវឲ្យដាក់តាំងលក់ជួនដល់អតិថិជននោះឡើយ។
បន្ថែមពីនេះ លោកក៏បានណែនាំ មន្ដ្រីកាំកុងត្រូលទាំងអស់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាព ត្រួតពិនិត្យទំនិញនៅតាមផ្សារ និងតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ធ្វើយ៉ាងណាត្រូវធានាសុខភាពជូនប្រជាពលរដ្ឋ៕