(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជននិងកងកម្លាំងឈរជើងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១,២៧៨នាក់ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
បើតាមឧបនាយករដ្ឋមន្ដ្រី ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំសុខសន្តិភាព សណ្តាប់ធ្នាប់ការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជូនប្រទេសជាតិទាំងមូល ក្នុងនោះការចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់យោធិន និវត្តជន កងកម្លាំងប្រដាប់អាវុធទាំងអស់នៅគ្រប់ដំណាក់កាល ក្នុងបុព្វហេតុរំដោះជាតិ រំដោះអាយុជិវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិជាទីស្នេហារបស់យើងពិតជាមានសារៈសំខាន់ណាស់ ហើយមិនអាចខ្វះបានក្នុងការរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ នាំមកនូវភាពរីកចម្រើនសុខសាន្តជូនជាតិ និងប្រជាជន។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយសន្តិភាពនេះ គឺបានកើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនដែលជាឪពុកម្តាយ ប្តីប្រពន្ធ កូនចៅរបស់ប្រជាជន ដូចនេះសូមបងប្អូនទាំងអស់ត្រូវតែរួមគ្នា សាមគ្គីគ្នា ឯកភាពគ្នាចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនដែលមានសម្តេចតេជោហ៊ុន សែន ថែរក្សាសន្តិភាពនេះឲ្យនៅគង់វង្សបន្តដំណើរធ្វើការអភិវឌ្ឍប្រទេសដើម្បីអនាគត។
ជាមួយវប្បធម៌ចែករំលែក និងជាការគិតគូរពីសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគដែលសរុបចំណាយទឹកប្រាក់ទាំងអស់ចំនួន ២២១,៨១៩,៨០០រៀល សម្រាប់ផ្តល់ជូនរួមមាន៖ ទី១៖ ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង១៤អង្គភាព ស្មើនឹង៥,២១៤នាក់ មានភេសជ្ជៈ ៦៦៥កេស, មី៧១៥កេស, ទឹកក្រូច៤៥៧កេស, ទឹកបរិសុទ្ធ៤៦២កេស, ត្រីខ៥២កេស, ទឹកស៊ីអ៊ីវ១៩១កេស, ទឹកត្រី១៩១យួរ, ថវិកា២៦,០៧០,០០០រៀល, ទី២៖អតីតយុទ្ធជនចំនួន១០០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០,០០០រៀល, ទី៣៖យោធិនពិការភ្នំឆ័ត្រចំនួន ៥០០គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា ៥០,០០០រៀល និងមន្រ្តីចូលនិវត្តន៍ខេត្តបន្ទាយមានជ័យចំនួន១,៤៥០នាក់ ក្នុង១នាក់ទទួលបានថវិកា៣០,០០០រៀល៕