(ព្រះសីហនុ)៖ កប៉ាល់ដ៏ធំមួយរបស់ជប៉ុនឈ្មោះ «នាវាសន្ដិភាព» ដែលជាដៃគូសហការជាមួយ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានចូលចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុជាថ្មី ដើម្បីមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ជាមួយភ្ញៀវទេសចជាង៥០០នាក់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញនូវអារម្មណ៍សោកស្តាយចំពោះការមិនបានចូលរួមដំណើរកម្សាន្តនៅលើនាវាសន្តិភាពនោះ ប៉ុន្តែលោកបានចាត់តាំងឲ្យលោក ព្រហ្ម សួន ប្រាសិទ្ធ ជាតំណាងដើម្បីចូលរួមដំណើរកម្សាន្តនៅលើនាវា ដោយបានធ្វើបទបង្ហាញនានា អំពីអង្គភាពស៊ីម៉ាក់ ជូនដល់ភ្ញៀវនៅលើកប៉ាល់ ដែលភាគច្រើនជាជនជាតិជប៉ុន។
បើតាមមន្ដ្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ការធ្វើដំណើរជុំវិញពិភពលោករបស់កប៉ាល់ «នាវាសន្ដិភាព» ជាលើកទី៩៧ហើយ ប៉ុន្ដែចូលចតនៅប្រទេសកម្ពុជា ជាលើកទី៣ ដែលលើកនេះមានភ្ញៀវទេសចរជាង៥០០នាក់ ចម្រុះជាតិសាសន៍តែម្ដង ប៉ុន្ដែភាគច្រើនជាជនជាតិជប៉ុន។
នៅពេលមកដល់ប្រទេសកម្ពុជា ភ្ញៀវទេសចរទាំងជាង៥០០នាក់នោះ បានបែងចែកជាក្រុមដើម្បីដើរលេងកម្សាន្ដនៅតាមរម្មណីដ្ឋានផ្សេងៗ ហើយខ្លះទៀត ទៅសិក្សាស្វែងយល់ពីការងារបោសសម្អាតមីនរបស់ ស៊ីម៉ាក់ ជាដើម។
សូមជម្រាបថា កប៉ាល់ «នាវាសន្ដិភាព» ជាម្ចាស់ជំនួយធំមួយរបស់ស៊ីម៉ាក់ ទាំងការងារបោសសម្អាតមីន និងការងារជួយដល់សហគមដូចជា ធ្វើសាលារៀន ឬមណ្ឌលសុខភាព ដែលកប៉ាល់នេះបានថវិកាមកពី ការចូលរួមវិភាគទានរបស់ភ្ញៀវទេសចររបស់ខ្លួនដើម្បីគាំទ្រដល់ស៊ីម៉ាក់។
សូមជម្រាបថា នាវាសន្តិភាព នឹងធ្វើដំណើរចេញពីកម្ពុជាវិញនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ៕