(ត្បូងឃ្មុំ)៖ លោក គីម ហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឃាតកដែលបានកាប់ និងអារ.កសម្លាប់ម្ដាយ និងកូនប្រុស២នាក់ យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នេះបើតាមដីកា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
សូមជម្រាបថា ឃាតករូបនេះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅខេត្តឧត្តរមានជ័យ, នេះបើតាមស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន។
ប្រតិបត្តិការយ៉ាងក្ដៅគគុកនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
បើតាមលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យជាប្តីចុង និងជាឪពុកចុងរបស់ជនរងគ្រោះទាំង៣នាក់។ ដោយឡែកមូលហេតុ ដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង ដោយសារតែរឿងប្រច័ណ្ឌ ព្រោះមួយខែមុន ប្ដីដើមរបស់ស្ដ្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួន បានមកលេងផ្ទះកើតហេតុ រួចក៏មានកើតមានទំនាស់ម្ដងរួចមកហើយ។
ក្រោយមកនៅមុនថ្ងៃកើតហេតុមួយថ្ងៃ ខ្លួនបានទៅស៊ីផឹក ពេលចេញមកវិញក៏បើកម៉ូតូបុកឆ្កែ ស្រាប់តែមកដល់ផ្ទះប្រពន្ធស្ដីបន្ទោស ក៏កើតមានទំនាស់ម្ដងទៀត ដោយភ្លាមនោះកូនប្រុស២នាក់របស់ស្ដ្រីរងគ្រោះ និងស្ដ្រីរងគ្រោះតែម្ដងចង់ព្រួតគ្នាវាយ លុះយប់ឡើងស្ដ្រីរងគ្រោះមិនបានទៅដេកជាមួយខ្លួនជាប្ដីនោះទេ ពោលមកដេកជាមួយកូនប្រុស ប៉ុន្ដែក្រោយដេកបានមួយសន្ទុះខ្លួនក៏យកកាំបិតទៅកាប់ប្រហារសម្លាប់តែម្ដង។ រួចបានរត់គេចខ្លួនទៅក្រុងសំរោង ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។
សូមរំលឹកថា សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Fresh News ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ច នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ដោយឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បានយកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញបើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក៕