(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នេះ បានបន្តដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សនៅមូលដ្ឋាន ស្រុកបារាយណ៍ ដើម្បីត្រៀម លក្ខណៈក្នុងការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
កិច្ចប្រជុំបូកសរុបការងារខាងលើនេះ ក៏មានការពិនិត្យលើបច្ចុប្បន្នភាពសមាជិកគណបក្សនៅតាមឃុំទាំង១៨ និងដាក់អនុសាសន៍ គន្លឹះៗ ដល់ថ្នាក់ដឹកនាំបក្សតាមឃុំនីមួយៗ នៃស្រុកបារាយណ៍ ជាមួយការរាយការណ៍ពីសំណាក់លោក ហាក់ ម៉ុងហួត ប្រធានគណបក្សស្រុកបារាយណ៍ និងប្រធានគណបក្សថ្នាក់ឃុំយ៉ាងក្បោះក្បាយផងដែរ។
អនុសាសន៍ដែលលោកប្រធាន ថោង ខុន បានដាក់ចេញនាពេលនោះ រួមមាន៖
១៖ ត្រូវពង្រឹងតួនាទី ភារកិច្ច និងរបៀបរបបការងារដល់មន្រ្តីបក្សទាំងថ្នាក់ឃុំ និងថ្នាក់ភូមិ ហើយត្រូវបន្តគ្រប់គ្រងគ្រួសារបក្ស ក្រុមបក្ស អនុសាខាបក្ស
និងសាខាបក្សតាមភូមិនីមួយៗឲ្យបានហ្មត់ចត់។
២៖ បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងបន្តពង្រឹង ពង្រីកសមាជិកបក្សបន្ថែម ហើយត្រូវធាានាអោយបានច្បាស់ថា «សមាជិកបក្សម្នាក់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ១សន្លឹក»។
៣៖ ត្រូវបន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងសតិអារម្មណ៍នយោបាយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានដិតដល់ ហើយត្រូវ ចលនាប្រជាពលរដ្ឋ អ្នកគាំទ្រឲ្យបានច្រើនទៅបោះឆ្នោតជូនគណបក្សប្រជាជន ។
៤៖ ត្រូវបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន និងខិតខំផ្ដល់សេវាសាធារណៈ (សេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋអោយបានល្អនិងទាន់ពេលវេលា។
៥៖ ម្ចាស់ការ ត្រៀមលក្ខណៈទាំងមធ្យោបាយ និងសម្ភារៈ ធនធានមនុស្ស ថវិកា បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានល្អ។