(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្មែររឿង «ម្ចាស់បំណុល» ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម មហាហង្ស ដែលបានសហការ យ៉ាងជិតស្និទ្ធជាមួយស្ថានីយទូរទស្សន៍ PNN ដោយបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ទាំងការសម្តែង និងប្លង់ថត ដើម្បីបង្កើតឲ្យខ្សែភាពយន្ត មួយដែលល្អឥតខ្ចោះ ជូនទៅដល់មហាជន ទទួលបាននូវទស្សនីយភាព ប្លែកអារម្មណ៍ ដោយភាពយន្តនេះ នឹងដាក់បញ្ចាំងក្នុងពេលឆាប់នេះហើយ។
នាថ្ងៃដាក់សម្ពោធរឿង «ម្ចាស់បំណុល» នៅ Hard Rock Cafe លោក អ៊ិន សុភិន បានសម្ដែងក្ដីត្រេកអរ និងមានក្ដីរំភើបជាខ្លាំង ដែលរឿង «ម្ចាស់បំណុល» បានចាក់បញ្ចាំងជាផ្លូវការ នៅក្នុងស្ថានីយទូរទស្សន៍ PNN ហើយលោកក៏មានការកោតសរសើរ ទៅដល់សហការី ក៏ដូចជាក្រុមការងារ និងតារាសម្ដែង នៅក្នុងផលិតកម្មមហាហង្ស ដែលបានយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដែលជាផ្នែកុមួយជួយឲ្យខ្សែភាពយន្ត មានភាពល្អប្រសើរ ដំណើរការទៅមុខយ៉ាងរលូន រហូតអាចដាក់បញ្ចាំង នៅតាមស្ថានីយទូរទស្សន៍ បានយ៉ាងច្រើន។
លោក អ៊ិន សុភិន បានផ្ដល់ក្ដីរំពឹងយ៉ាងខ្ពស់ថា «រឿង «ម្ចាស់បំណុល» នេះ នឹងអាចទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ក្រោយការដាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ ព្រោះសាច់រឿងទាំងមូល បង្គប់ទៅដោយឈុតឆាកមនោសញ្ចេតនា ស្នេហា ប្រទាក់ក្រឡាគ្នាជាច្រើន ដែលបានបង្រៀន និងអប់រំមនុស្ស ត្រូវមានចិត្តតស៊ូ អំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដែលមាននៅចំពោះមុខ ថែមទាំងបង្ហាញពីរសជាតិជីវិតខុសគ្នា រវាងអ្នកមាន និងអ្នកក្រ ពោលគឺឆ្លុះបញ្ចាំងពីជីវិតរស់ នៅក្នុងសង្គម នាពេលបច្ចុប្បន្ន តែម្ដង។ ដោយឡែក ចំពោះបច្ចេកទេសនៃការថត រួមទាំង ទេសភាព សុទ្ធសឹងតែស្រស់ស្អាត ដោយផ្ដិតយកតំបន់ធម្មជាតិ ជាច្រើន នៃប្រទេសកម្ពុជា។ នេះគឺជាខ្សែភាពយន្ត ដែលមើលមិនចេះជិនណាយ ព្រោះមានអត្ថន័យជាច្រើន ដែលពាក់ព័ន្ធនឹងស្នេហាកំសត់ ព្រាត់ប្រាស់ ស្រក់ទឹកភ្នែកមិនដឹងខ្លួន។
ជាចុងក្រោយ ផលិតកម្មមហាហង្ស នៅតែសហការគ្នាជាមួយស្ថានីយទូរទស្សន៍ PNN ដោយ ផ្ដោតសំខាន់ទៅលើគុណភាព និងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យខ្សែភាពយន្តខ្មែរ កាន់តែមានភាពល្អប្រសើរឡើង។
គួរបញ្ជាក់ថា រឿង «ម្ចាស់បំណុល» មានការចូលរួមសម្តែង ពីសំណាក់តារាប្រុសស្រីជាច្រើន មានដូចជា អ្នកនាង ភិនសុដាលីស, លោក ភឹមតារាវិបុល ,លោក ជា ភារុណ , លោក ថមមី , កញ្ញា សឿន ផាន់ផាផួង កញ្ញា ដាវ ដាវីកា និង តារាកិត្តយសជាច្រើនដួងទៀត។ រឿងនេះ នឹងចាប់ផ្ដើមចាក់ផ្សាយថ្ងៃទី ២០ មេសា ឆ្នាំ ២០១៨ នៅលើស្ថានីយទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ និង សៅរ៍ វេលាម៉ោង ៧៖៥០នាទីយប់៕