(បន្ទាយមានជ័យ)​៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះថា ក្រោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង​១០​យប់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ​នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បើតាមលោកមេបញ្ជាការ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ណេង វង្សពិទូ អាយុ​២៨ និងដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីនICEចំនួន​០៨កញ្ចប់, គ្រឿងញៀនមេតំហ្វេតាមីWY ចំនួន៤៤២គ្រាប់, ទូរស័ព្ទដៃចំនួន​១គ្រឿង, កាំភ្លើងប៊ិចបាញ់គ្រាប់ឡុក​១ដើម និងសម្ភារៈ លុយ មួយចំនួនទៀត។

​បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕