(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានថ្លែងថា បើគ្មានសន្តិភាពទេ ក៏គ្មានការរីកចម្រើនឡើយ ទាំងអស់នេះជាការខិតខំប្រឹងប្រែង ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យគត់សម្គាល់ និងឆាប់រហ័ស។

លោក សាន ស៊ានហូ បានថ្លែងដូចនេះ ក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសមិទ្ធផល ក្នុងវត្តខេមរាសីមារាម (ទំនប់ក៥) ដែលជាអំណោយរបស់អង្គការគ្រួសារកុមារ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ ហើយពិធីនេះ ក៏មានការចូលរួមពីលោកភោក លន់ ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល ក្រុមប្រឹក្សាសង្កាត់ ក្រុង ប្រជាពលរដ្ឋ តាជី យាយជី និងសិស្សានុសិស្សសរុបចំនួន៧១៨នាក់ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបន្តថា ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ដោយបានកសាងវត្តអារាមជាច្រើន ពាសពេញផ្ទៃប្រទេស មិនថាទីប្រជុំជន ឬជនបទដាច់ស្រយាលឡើយ លើសពីនេះទីអារាម គឺជាកន្លែងដែលផ្តល់នូវចំណេះដឹងដល់ កូនចៅជំនាន់ក្រោយ មិនថាទាំងវិស័យអាណាចក្រ ឬពុទ្ធចក្រ ព្រោះថាព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ។

សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលក្នុងវត្តខេមរាសីមារាម(ទំនប់ក៥) រួមមាន៖ សាលាឆាន់ ១ខ្នងមានទំហំ ១២គុណ២២ម៉ែត្រ កុដិ២ខ្នង បន្ទប់ទឹក២ខ្នង មាន៨បន្ទប់ បោត១ ទំហំ៧គុណ៨ម៉ែត្រ ឃ្លាំងសម្រាប់រក្សាអីវ៉ាន់ ១ខ្នង ៤គុណ១០ម៉ែត្រ កសាងព្រះពុទ្ធត្រាស់ដឹង រួបសម្តេចព្រះសង្ឃជួន ណាត អណ្តូងទឹក កសាងរបងវត្ត ១ខ្សែ ប្រវែង១៣០ម៉ែត្រ កំពស់២ម៉ែត្រ កសាងក្លោងទ្វារ ចាត់បេតុចូលវត្ត និងកំពុងរៀបចំផ្លូវបេតុង១ខ្សែទៀតមានប្រវែង១៤០ម៉ែត្រ និងចាក់ដីបរិវេណវត្ត អង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA) ជួយឧបត្ថម្ភឈាបនដ្ឋាន(ប៉ាឆា) ចំណាយថវិកា៧៦,០០០ដុល្លារអាមេរិក កសាងព្រះពុទ្ធនិព្វាន១អង្គ ចំណាយថវិកា ២,៥០០ដុល្លារអាមេរិកផងដែរ។

ជាចុងក្រោយ លោកអភិបាលក្រុង បានស្នើប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ខិតខំរួមគ្នាថែរក្សា សមិទ្ធផលដែលមាន និងទំនៀមទំលាប់ប្រពៃណី តាមរយៈការគោរពវិន័យធម៌ជាដើម ក្នុងនោះលោក ក៏បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងសិស្សានុសិស្សបឋមសិក្សាចំនួន ៥១៨នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល ប៊ិច២ដើម៕