(ភ្នំពេញ)៖ ប្រាសាក់ បានដាក់ឲ្យដំណើរការការិយាល័យសាខាថ្មីមួយ នៅចំកណ្តាលរាជធានីភ្នំពេញហើយ ចាប់ពីខែមេសា ឆ្នាំ២០១៨នេះតទៅ។សាខាថ្មីនេះ មានទីតាំងស្ថិតនៅអគារលេខ៣០កែងផ្លូវលេខ៦៧ និង១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខាងលិចផ្សារធំថ្មី។
សាខាប្រាសាក់ផ្សារធំថ្មីនេះ អនុញ្ញាតឲ្យអតិថិជនរីករាយជាមួយសេវាធនាគារដ៏សម្បូរបែប រហ័ស និងងាយស្រួល ជាពិសេសការធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមរយៈម៉ាស៊ីនអេធីអឹម ២៤ម៉ោងក្នុងមួយថ្ងៃ ពេញមួយសប្ដាហ៍។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានថ្លែងថា «ការបើកឲ្យដំណើរការសាខាទី១៧៧នេះ សបញ្ជាក់ឲ្យឃើញពីភាពខ្លាំងរបស់យើង និងការពង្រឹងបន្ថែមទៀតនូវសេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនតាមរយៈការពង្រីកបន្ថែមសាខានេះ។ ជាងនេះទៅទៀត ក៏បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខំប្រឹងប្រែងរបស់យើង ក្នុងការបម្រើជូនអតិថិជនទាំងអស់ឲ្យប្រសើរឡើង និងងាយស្រួលជាងមុន ជាពិសេសការគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ ដែលរហ័ស និងងាយស្រួល»។
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជាក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ដែលក្នុងនោះរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹកភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត រួមជាមួយការបំពាក់ម៉ាស៊ីនអេធីអឹមចំនួន១២៨គ្រឿង នៅទូទាំងប្រទេស។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ ប្រាសាក់មានទ្រព្យសកម្មចំនួន ១.៧៥ ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំមានចំនួនប្រមាណជាង៩១៥លានដុល្លារអាមេរិក អតិថិជនសេវាបញ្ញើសន្សំចំនួនជាង ៥៣៨ពាន់នាក់ សម្ពៀតឥណទានមានចំនួនជាង១.៥៤ ប៊ីលានដុល្លារអាមេរិក អតិថិជនសេវាឥណទានចំនួនជាង៣៩០ពាន់នាក់ ព្រមជាមួយនឹងបុគ្គលិកទូទាំងប្រទេសសរុបច្រើនជាង ៧,០០០ នាក់ ៕