(សៀមរាប)៖ អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំយុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» ក្រោមប្រធានបទ »សម្អាតបរិស្ថានក្រុងសៀមរាប ជាលក្ខណៈទ្រង់ទ្រាយធំ» ដែលធ្វើការលាងសម្អាតកំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចស្តុបសុខា រហូតដល់រង្វង់មូលនាគបាញ់ទឹក និងកំណាត់ផ្លូវមុខមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់កំណាត់ផ្លូវជុំវិញតំបន់ផាប់ស្រ្ទីត (Pub Street) ក្រុងសៀមរាប។
ក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ មានការចូលរួមថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំងប្រដាប់អវុធ សិស្សានុសិស្ស វិស័យឯកជន ប្រជាពលរដ្ឋប្រមាណ១,៦០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានសំណូមពរ ដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋានសមត្ថកិច្ច យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងវិស័យឯកជនពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់បន្តទៀត ធ្វើយ៉ាងណារួមគ្នាកែលម្អនូវចំណុចខ្វះខាតមួយចំនួនដែល មិនទាន់បានអនុវត្តន៍ និងជាពិសេសការបំពេញតាមលក្ខខណ្ឌ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីក្រុងសៀមរាបអាចទទួលបានពាន់រង្វាន់នានា ជាបន្តបន្ទាប់ទៀត។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រប់សេវាករដែលកំពុងពាក់ព័ន្ធនឹងការបម្រើសេវាទេសចរណ៍ ប្រជាពលរដ្ឋ និងយុវជនទំាងអស់ ដែលតែងតែជួយជម្រុញគំាទ្រឧបត្ថម្ភ និងចូលរួមជាមួយរដ្ឋបាលខេត្ត៕