(កំពត)៖ មេបញ្ជាការរងអាវុធហត្ថខេត្តកែបម្នាក់ បានបាញ់បោះសេរីចំនួន០៦គ្រាប់ នៅហាង «វាសនាសប្បាយៗ» កាលពីម៉ោង១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មេបញ្ជាការរងអាវុធហត្ថខេត្តកែប ដែលផ្ទុះអាវុធ ប្រភេទអាកាស្វាយបត់ បាញ់ឡើងលើចំនួន០៦គ្រាប់នោះ មានឋានន្តរស័ក្តិជាវរសេនីយ៍ឯក មានឈ្មោះ សៀក អាង អង្គភាពទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប។
តាមសមត្ថកិច្ចដដែលបន្តថា លោក សៀក អាង បានផ្ទុះអាវុធបាញ់ឡើងលើចំនួន០៦គ្រាប់ ខណៈក្នុងហាងផឹកស៊ី ដែលមានយីហោខាងលើ នៅវេលាជិតកណ្តាលអាធ្រាត្រយប់មិញ។
ក្រោយហេតុការណ៍ភ្លាមៗ លោក សៀក អាង បានជិះម៉ូតូម៉ាកស្កប់ពីរបស់ខ្លូនជិះចេញទៅក្រៅហាងបាត់ទៅ។
តែទោះជាយ៉ាងណាក៏ដោយ ការផ្ទុះអាវុធបាញ់បោះសេរីខាងលើ ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថ និងនគរបាលខេត្តកំពត បាននិងកំពុងសហការគ្នា ធ្វើកោសល្យវិច្ច័យរកហេតុផលនេះហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយមិនលើកលែងឲ្យឡើយ។ ក្នុងការធ្វើកោសល្យវិច្ច័យនេះដែរ សមត្ថកិច្ចបានរកឃើញសំបកកន្ទុះកាំភ្លើង ប្រភេទ AK ចំនួន០៦គ្រាប់ នៅកន្លែងកើតហេតុខាងលើ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា លោកវរសេនីយ៍ឯក សៀក អាង មេបញ្ជាការរងអាវុធហត្ថខេត្តកែប ពិតជាបានផ្ទុះអាវុធ គឺបាញ់បោះដោយសេរីពិតប្រាកដមែន ហើយបច្ចុប្បន្នកម្លាំងរបស់លោក កំពុងសហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត ធ្វើកោសល្យ វិច្ច័យ។
ដោយឡែក សំបកកន្ទុះ ត្រូវសមត្ថកិច្ចនគរបាល រើសបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕