(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យបុរសជនជាតិកូរ៉េម្នាក់ ឲ្យមានសេរីភាពវិញ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២៥ម៉ឺនដុល្លារ។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះថា ការសម្រេចយ៉ាងដូច្នេះ នៅពេលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យមកកាន់អយ្យការអមសាលាដំបូង ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ LEE JONG QUI ជនជាតិកូរ៉េ ជាពាណិជ្ជករ។
មន្ត្រីតុលាការបានឲ្យដឹងថា មូលហេតុដែលព្រះរាជអាជ្ញាដោះលែងលោក lee jong qui ឲ្យមានសេរីភាពវិញ ដោយសារតែដើមបណ្ដឹងពុំមានឯកសារណាមួយ ដែលបញ្ជាក់ថា ជនសង្ស័យឆបោកប្រាក់ចំនួន២៥ម៉ឺនដុល្លារនោះទេ គឺមានតែពាក្យបណ្ដឹង និងការនិយាយផ្ទាល់មាត់ប៉ុណ្ណោះ។ ចំណែកជនសង្ស័យបានបដិសេធថា មិនបានទទួលប្រាក់ចំនួន២៥ម៉ឺនដុល្លារ ដូចការប្ដឹងទេ គឺមានតែការសន្យាចូលហ៊ុនគ្នារកស៊ីប៉ុណ្ណោះ ហើយក៏មិនទាន់ចូលលុយគ្នានៅឡើយ។
យោងតាមប្រភពព័ត៌មាន ដែលដឹងសាច់រឿងច្បាស់ ប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា ការពិតដើមបណ្ដឹងជាអ្នកជំពាក់លុយជនជាតិកូរ៉េចំនួន៥ម៉ឺនដុល្លារ មិនមែនជនជាតិកូរ៉េជំពាក់នោះទេ ដោយផ្ដើមចេញពីការរកស៊ីចូលហ៊ុនគ្នា ប៉ុន្ដែស្រាប់តែដើមបណ្ដឹងបង្កើតរឿងទៅប្ដឹងជនជាតិកូរ៉េទៅវិញ។
សូមបញ្ជាក់ថា ការចាប់ខ្លួនជនជាតិកូរ៉េនោះ សមត្ថកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅពេលចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាំមកកាន់រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីធ្វើការសាកសួររួមទាំងមានភាគីដើមបណ្តឹង និង មេធាវីការពារក្តីនៅចំពោះមុខទៀតផង តែត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះក្រោយតំណាងអយ្យការអះអាងថា មិនមានឯកសារណាថាជនជាតិកូរ៉េបោកលុយនោះទេ៕