(ត្បូងឃ្មុំ)៖ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន៥៧នាក់ ក្នុងនោះ២៣នាក់ ត្រូវបានប្រកាសមុខងារ និង៣៤រូប ត្រូវបានបំពាក់ឋានន្តរស័ក្កិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ក្នុងពិធីនោះនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខទាំងអស់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានលើកឡើងថា កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានកិត្តិយសត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ បានសម្រេចដំឡើងឋានន្តរស័ក្កិ និងតួនាទីទៅតាមស្នាដៃ រួមទាំងការអនុវត្តរបស់បុគ្គលម្នាក់ៗ ឲ្យសាកសមជាអ្នកការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោកមេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលបានបំពាក់ឋានន្តរស័ក្កិនាថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់រាល់កិច្ចការ ដែលថ្នាក់លើបានដាក់ជូន បន្តការថែរក្សាសន្តិសុខ ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបំផុត។
លើសពីនេះទៅទៀតនោះ ត្រូវពង្រឹងការការពារ បង្ការ និងបង្ក្រាបនូវបទល្មើសនានា ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕