(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា សុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិប​តេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ហើយបើ​បាត់បង់សន្តិភាពនោះ ប្រទេសជាតិ​នឹងបាត់បង់អ្វីៗទាំងអស់ ដែល​បាន​ប្រឹងប្រែងរួមគ្នា ក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។

​ការ​គូសបញ្ជាក់របស់សម្តេច ហេង សំរិន ត្រូវបានធ្វើឡើង ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តអារញ្ញារាម ហៅ​វត្តមេម៉ៃ ស្ថិតក្នុងភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ​ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ។

សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជា ក្រៅពីជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរួមមាន ការអនុវត្ត​ច្បាប់ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត បើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ គឺ​កម្ពុជាបានធ្វើសមាហរណកម្មខ្លួ​នយ៉ាងសកម្ម ទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញបំផុត សម្រាប់វិស័យទេសចរណ៍ និងវិនិយោគ។

ស្របជាមួយវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសបង្កើនកម្រិតជីវភាពរស់នៅ និងមានប្រាក់ចំណូលកាន់តែសមរម្យឡើង ឆ្លើយតបនឹងការវិវឌ្ឍនៃសាកល ភាវូបនីយកម្ម។ ដោយឡែក ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការក្នុងរយៈពេល​៥ឆ្នាំមកនេះ បានកើនឡើងបីដង ដែលក្នុងឆ្នាំ​២០១៨នេះ ប្រាក់បៀវត្សរបស់មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បានកើនដល់ជាង​១លានរៀល ហើយប្រាក់ឈ្នួល អប្បបរមារបស់កម្មករ កម្មការី និយោជិត ក៏បានកើនឡើងដល់​១៧០ដុល្លារ ក្នុងមួយខែផង​ដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរ ប្រគេន ចំពោះព្រះតេជព្រះគុណ ព្រះគ្រូចៅអធិការវត្តអារញ្ញរាម ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត ព្រមទាំងបងប្អូនពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួមចំណែក​ប្រកបដោយសទ្ធាជ្រះថ្លា ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើនរួមមាន ព្រះវិហារថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងវត្តអារញ្ញារាម ហៅវត្តមេម៉ៃនេះ។

ជាមួយគ្នានេះ លោក លី ឡេង អភិបាល​ខេត្តត្បូងឃ្មុំ បានឲ្យដឹងដា វត្តអារញ្ញារាម ហៅវត្តមេម៉ៃនេះ កសាងឡើងក្នុងឆ្នាំ១៩៨៣ ដែលវត្តនេះទទួលបានការទំនុក បម្រុងជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិត​ឆ្ងាយ ក្នុងការសាងសង់សមិទ្ធផលឲ្យមានការរីកចម្រើនទុកសម្រាប់បម្រើ ក្នុងវិស័យព្រះពុទ្ធសាសនាតទៅ។

ដោយឡែកព្រះវិហារដែលសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ បានចំណាយក្នុងការសាងសង់ អស់បច្ច័យជាង ១៨​ម៉ឺនដុល្លារអាមេរិក រួមទាំងសមិទ្ធផលមួយ​ចំនួន ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលជាមួយគ្នានេះផងដែរ ក្នុងនោះ សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ បានផ្តល់ថវិកាចំនួន​៥ពាន់ដុល្លារអាមេរិក សម្រាប់ការសាងសង់ឧបដ្ឋានសាលា១ខ្នង ​និងការផ្តល់នូវម៉ាស៊ីនភ្លើង និងឧបករណ៍បំពងសម្លេង មួយចំនួនដល់វត្តអារញ្ញារាម ហៅវត្តមេម៉ៃនេះផងដែរ៕