(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅគ្រូបង្គោលទាំងអស់ផ្នែកអគ្គិភ័យ ត្រូវយកចំណេះដឹងទៅបង្ហាត់បង្រៀនបន្ដទៅមន្ដ្រីជំនាញ ដើម្បីទប់ស្កាត់ និងសង្គ្រោះនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។
ថ្លែងជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើលើសិក្ខាកាមដែលជាគ្រូបង្គោលទាំងអស់ សូមយកចំណេះដឹងទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីសម្ដៅធានាឲ្យបានការទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ និងដើម្បីរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ដ្រដំណាក់កាលទី៣ ក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា»។
បើតាមនាយឧត្តមសេនីយ៍អគ្គស្នងការរង ការសិក្សារយៈពេល២៨ថ្ងៃថ្វីត្បិតតែជាពេលខ្លីបន្ដិចមែន ប៉ុន្ដែសិក្ខាកាមដែលជាគ្រូបង្គោលទាំងអស់ អាចត្រង់ត្រាប់រៀនសូត្រ និងអនុវត្តបានយ៉ាងល្អប្រសើរ ដូច្នេះសូមយកចំណេះដែលខ្លួនមាននៅពេលនេះ ទៅបង្ហាត់បង្រៀនបន្ដទៀត ហើយត្រូវប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលា ក៏បានគូសបញ្ជាក់ថា វគ្គសិក្សានេះគឺក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវិន អ៊ិនធើប្រាយ ខមភេនី លីមីធីត ដែលជាអ្នកផ្ដល់នូវគ្រូផ្នែកអគ្គិភ័យសម្រាប់មកបង្រៀនសិក្ខាកាមទាំងជិត១០០នាក់នេះ ហើយក៏មានគ្រូមកពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងគ្រូប្រចាំសាលាមួយចំនួនទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្រសួងមហាផ្ទៃ ក៏បានបង្ហាញនូវជំនឿយ៉ាងម៉ុតមាំថា ក្រោយពីបញ្ចប់ការសិក្សា សិក្ខាកាមដែលជាគ្រូបង្គោលទាំងអស់នេះ នឹងមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀត ដើម្បីយកទៅបណ្ដុះបណ្ដាលបន្ដ ដល់មន្ដ្រីនគរបាលតាមអង្គភាពរៀងៗខ្លួន។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ មានសិក្ខាកាមសរុប១០០នាក់ មកពីបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន២៥ និងអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន០៦អង្គភាពផងដែរ៕