Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ ក្រោមវត្ដមាន ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន

07-04-2018 12:19

(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងលើនេះ បានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ខេត្តឡុងអាន ខេត្តតៃនិញ នៃប្រទេសវៀតណាម និងខេត្តស្វាយរៀង បានអញ្ជើញចូលរួម និងបានជូនពរគ្នា ទៅវិញទៅមក ក្នុងនាមជាខេត្ត ដែលមានព្រំដែនជាប់ជាមួយគ្នា។

ថ្លែងនៅក្នុងពិធីនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានបញ្ជាក់ថា ការរៀបចំពីធីនេះ គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដែលមានព្រំដែននៅជាប់គ្នា។

អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលវៀតណាម ដែលបានរក្សានូវប្រពៃណី សាសនា ស្នាដៃ ដែលជាសមិទ្ធិផលនានា ជាពិសេស បានជួយឧបត្ថម្ភគាំទ្រ លើការងារមនុស្សធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង។

ជាមួយគ្នានោះ លោកស្រី ក៏បានស្នើឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរ ពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ត្រូវបន្តពង្រឹងអនុវត្តន៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់ នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះ បន្ទាន់នានា ដែលកើតឡើងជាយថាហេតុ៕