(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យកងកម្លាំងនគរបាលខេត្តកំពង់ធំ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរក្សានូវសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទំាងខេត្តកំពង់ធំទំាងមូល ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ តាមវត្តអារ៉ាម និងតំបន់រមណីយដ្ឋានផ្សេងៗទៀត ។
ការជំរុញយ៉ាងដូច្នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា កងកម្លាំងទាំងអស់ ត្រូវត្រៀមកម្លំាងការពារឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតំាងការិយាល័យ បោះឆ្នោតនីមួយៗ ត្រូវតែមានកម្លំាងការពារជាប្រចាំផងដែរ ដើម្បីជៀសវាងជនអនាធិបតេយ្យបង្កបញ្ហា។
នាយឧត្តមសេនីយ៍ ក៏បាននាំនូវការសាកសួរសុខទុក្ខ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបានជំរុញឲ្យកងកម្លាំង ខិតខំផ្សព្វផ្សាយ ព្រមទំាងអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព របស់រាជរដ្ឋាភិបាល ជាពិសេស ចូលរួមទប់ស្កាត់ ក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា។
អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមទៀតថា ដោយឡែក នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់នីមួយៗ អធិការក្រុងស្រុក ស្នងការនគរបាលខេត្ត មិនត្រូវបិទទ្វាអង្គភាពឡើយ ត្រូវមានការ កម្លំាងប្រចាំបញ្ជារៀងរាល់ថ្ងៃ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរងចាំទទួលនូវពាក្យបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋ និងធ្វើការដោះស្រាយជូន ពួកគាត់បានទាន់ពេលវេលាផងដែរ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កងកម្លាំងនគរបាលកន្លងមក មានការសហការគ្នាបានល្អ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត មិនតែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋជាទូទៅទទួលស្គាល់ថា កងកម្លាំងក្នុងមូលដ្ឋាន បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានប្រសើរ។
លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ភ្លើងធូប ភ្លើងទៀន ព្រោះវាចបង្ក ជាគ្រោះអគ្គិភ័យ បានគ្រប់ពេលវេលា និងសំណូមពរដល់កងកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យគ្រប់ក្រុង-ស្រុក ត្រូវត្រៀមឡានទឹក បំពង់ពន្លត់អគ្គិភ័យ ទុកជាមុន នៅពេលដែលមានគ្រោះអគ្គិភ័យណាមួយ កើតឡើងភ្លាម ដើម្បីជួយពន្លត់ភ្លើងបានទាន់ពេលវេលា។
បើតាមរបាយការណ៍ ដែលឡើងអានដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីបទល្មើសថយចុះ តែកម្លាំងនគរបាលទាំងអស់ នៅតែបន្តប្រឹងប្រែង ពង្រឹងខឿនសន្តិសុខ ឲ្យរឹងមាំថែមទៀត ដើម្បីបុព្វបទស្នូល សម្រាប់ការអភិវឌ្ឍជាតិ និងរួមចំណែកកាត់ បន្ថយភាពក្រីក្រ របស់ពលរដ្ឋ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផល នៃសង្គមជាតិបានឡើយ៕