(ភ្នំពេញ)៖ គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក មានឈ្មោះ Trip Advisor បានប្រកាសយ៉ាងឱឡារឹកថា សណ្ឋាគារមួយនៅខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ពីការបោះឆ្នោតរបស់ភ្ញៀវទេសចរទូទាំងពិភពលោក ខណៈសណ្ឋាគារមួយទៀត ក៏ជាប់ចំណាត់ថ្នាក់ទី១១ នៅលើពិភពលោកដែរ។
សណ្ឋាគារទាំង២ខាងលើ រួមមាន៖ ទី១. សណ្ឋាគារវិរតន៍ (Viroth’s Hotel) ដែលមានទីតាំងនៅភូមិវត្តបូណ៌ ខេត្តសៀមរាប បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយនាំមុខសណ្ឋាគារនៅកូស្តារីកា ឥណ្ឌា វៀតណាម និងម៉ាល់ឌីវ និងទី២. សណ្ឋាគារ Shinta Mani Shack នៅខេត្តសៀមរាបដែរ ទទួលបានចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសណ្ឋាគារកំពូលៗចំនួន២៥ នៅលើពិភពលោក។
លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្នខេត្តសៀមរាបមានសណ្ឋាគារចំនួន ២២៥កន្លែង (ជាង១៥,០០០បន្ទប់) ក្នុងនោះសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំមានចំនួន ២០កន្លែង។
ឆ្លើយតបនឹងការនាំដំណឹងដ៏ពិសេសសម្រាប់ប្រទេសកម្ពុជា ពីគេហទំព័រទេសចរណ៍ Trip Advisor ខាងលើនេះ លោក គឹម សេរីរដ្ឋ បានសម្ដែងនូវការអបអរសាទរថា ការទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរនៅទូទាំងពិភពលោកនេះ គឺសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទៅលើការពង្រឹងសេវាកម្មស្នាក់នៅទេសចរណ៍នៅទូទាំងប្រទេស ពិសេសខេត្តសៀមរាប ខណៈកំណើនភ្ញៀវទេសចរនៅទីក្រុងវប្បធម៌មួយនេះ កំពុងមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបន្តថា នេះជាការឆ្លើយតបនឹងគោលនយោបាយចម្បងមួយដែរ ព្រោះបើកាលណាមានកំណើនភ្ញៀវទេសចរ ភាគីពាក់ព័ន្ធត្រូវតែពង្រឹកគុណភាពសេវាកម្មជូនភ្ញៀវទេសចរ ហើយក៏បញ្ជាក់ពីកិច្ចសហការក្នុងភាពជាដៃគូយ៉ាងយកចិត្តទុកដាក់រវាងរដ្ឋ និងឯកជន ពិសេសកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងផ្នែកឯកជននៅខេត្តនេះ ដែលបានអនុវត្តតាមយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ មុនឈានទៅដល់ការទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ១១ ពីការបោះឆ្នោតគាំទ្រពីសំណាក់ភ្ញៀវទេសចរលើពិភពលោក។
ក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋ បានបន្តអំពាវនាវដល់សណ្ឋាគារនានានៅទូទាំងប្រទេស ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មស្នាក់នៅ និងម្ហូបអាហារជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពប្រកួតប្រជែងគុណភាពសេវាកម្មក្នុងតំបន់ និងដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរផងដែរ ពីព្រោះកិច្ចការចម្បងនេះ មិនតែផ្ដល់ប្រយោជន៍ដល់សណ្ឋាគារផ្ទាល់នោះទេ តែក៏ជាការផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធភាពពីគុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា ទៅក្នុងទីផ្សារទេសចរណ៍នៅលើពិភពលោកផងដែរ៕