(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ដល់បណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដោយគ.ជ.ប សម្រាប់ចូលយកព័ត៌មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
បើតាមគ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ឞ ដែលមានអាស័យដ្ឋាន៖ https://www.necelect.org.kh/khmer/content/3062
ដោយឡែក ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំចុះឈ្មោះ សម្រាប់អ្នកសារព័ត៌មានជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ និងសម្រាប់អ្នកសារព័ត៌មានអន្ដរជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨៕