(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ ក្នុងការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ដោយប្រើប្រាស់ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក តាមរយៈកាត VISA រួចហើយនោះ, ក្រុមហ៊ុន VISA របស់សហរដ្ឋអាមេរិក ក៏កំពុងពិនិត្យលទ្ធភាព ស្នើសុំការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតការបង់ពន្ធ និងប្រមូលចំណូលផ្សេងៗ តាមរយៈប្រព័ន្ធអេឡិចត្រូនិក (VISA) នៅកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជួបពិភាក្សាការងារជាមួយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sea Preston នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន VISA បានបញ្ជាក់ថា នាយកក្រុមហ៊ុន VISA មានបំណងចង់បន្ដសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាព ឲ្យមានការបង់ពន្ធ ឬចំណូលផ្សេងៗតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិកនាពេលអនាគត ដែលរំពឹងថានឹងផ្ដល់ភាពងាយស្រួលមួយកម្រិតថែមទៀត។
លោក Sea Preston បានឲ្យដឹងទៀតថា ក្រុមហ៊ុន VISA បានចូលរួមសហការជាមួយដៃគូធនាគារក្នុងស្រុក ដើម្បីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈការ ប្រើប្រាស់កាតឥណទាន ឬឥណពន្ធ VISA ដោយសារមានកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំកន្លងមក ចំនួនអ្នកប្រើប្រាស់កាត VISA បានកើនឡើងជាង៦៥ភាគរយ ក្នុងឆ្នាំ២០១៧ ហើយរំពឹងយ៉ាងមុតមាំថា នឹងបន្ដកើនឡើងថែមទៀតក្នុងឆ្នាំ២០១៨។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា ការចូលមកវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន VISA បានចូលរួមចំណែក ក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិកជាពិសេសតាមរយៈកាត VISA។ ការចូលរួមនេះ បានជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់សេវាបង់ប្រាក់ជូនភ្ញៀវទេសចរ។
លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការធ្វើឲ្យមានការប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិកត្រូនិក ពិតជាមានសារៈសំខាន់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច និងជួយជំរុញកំណើនសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការធ្វើបរិយាប័នហិរញ្ញវត្ថុ។ បច្ចុប្បន្ន ក្នុងន័យទាក់ទាញវិនិយោគបរទេសឲ្យកាន់តែមានចំនួនច្រើនមក បណ្ដាក់ទុននៅកម្ពុជា, បន្ថែមលើគោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស កម្ពុជាបាននឹងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយផល ចំពោះវិនិយោគិនបរទេសទាំងអស់ ដែលការគិតគូរនេះនឹងជាការលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគ បរទេសគ្រប់រូបឲ្យមកបណ្ដាក់ទុននៅកម្ពុជា ប្រកបដោយភាពទុកចិត្ត៕