(ភ្នំពេញ)៖ បុគ្គលិកហាងបញ្ចាំ «សហគ្រិនភាព អេសធីអេសខេ» ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការឃាត់ខ្លួន ក្រោយបានបោកលុយ ជាង៨២លានរៀល ពីតំណាងឲ្យម្ចាស់គ្រឹះស្ថាន នៅត្រង់ចំណុច ហាងបញ្ចាំ «សហគ្រិនភាព អេសធីអេសខេ» ផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ឆន មៅ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត (យកលុយចំនួន ៣,៧៥០,០០០រៀល)។
ជនសង្ស័យទី២៖ ឈ្មោះ សៅ ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីលំនៅផ្ទះជួល ផ្លូវលេខ៣៩បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ (គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត (យកលុយចំនួន ៧៨,៣៩៦,៦០០រៀល)។
បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ឆន មៅ និង ឈ្មោះ សៅ ផល្លា ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕