(សិង្ហបុរី)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី ដែលក្នុងនោះ លោកត្រូវបានដើរតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តិឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំថ្នាក់ទេសាភិបាលអាស៊ាន និងកិច្ចប្រជុំរួមរវាងទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន គឺជាវេទិកាតំបន់ដ៏សំខាន់មួយ សម្រាប់ការពង្រឹង សមាហរណកម្មវិស័យហិរញ្ញវត្ថុក្នុងតំបន់ ជាពិសេសដើម្បីគាំទ្រដំណើរសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ ឆ្នាំ២០១៨នេះ ប្រទេសសិង្ហបុរី បានបន្តកំណត់គោលដៅ ជាអាទិភាពសម្រាប់តំបន់ចំនួនពីរ គឺការពង្រឹងភាពធន់ (resilience) និងលើកកម្ពស់នវានុវត្តន៍ (Innovation)។
លោក ជា ចាន់តូ បានគាំទ្រការកំណត់អាទិភាពសម្រាប់ឆ្នាំ២០១៨ របស់ប្រទេសសិង្ហបុរី ដោយសារក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ការពង្រឹងភាពធន និងលើកកម្ពស់នវានុវត្តន៍ គឺជាកត្តាដ៏សំខាន់ ដើម្បីឱ្យប្រទេសនានា រក្សាបាននូវស្ថិរភាពទាំងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទាញយកអត្ថប្រយោជន៍ ពីការរីកចម្រើនបច្ចេកវិទ្យា និងបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ ស្របតាមតម្រូវការទីផ្សារ និងសម្រាប់ប្រជាជនក្រីក្រ សំដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងរក្សាចីរភាពកំណើន។
លោកទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ គណៈកម្មាធិការការងារនានារបស់អាស៊ាន ដែលទទួលបានក្នុងឆ្នាំ២០១៧ កន្លងទៅ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានតាមគោលដៅនានា ដែលបានដាក់ក្នុងផែនការ ២០១៦-២០២៥។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញជំហរគាំទ្រ និងចូលរួមជាមួយគណៈកម្មាធិការ ការងារនានាអាស៊ាន ដើម្បីអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលជួយពង្រឹងសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន កន្លងមកសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន មិនត្រឹមតែបង្កើនភាពសេរីនៃលំហូរមូលធន ដែលអនុញ្ញាតឱ្យប្រទេសសមាជិកអាច ទទួលបានប្រភពទុនកាន់តែងាយស្រួលពីក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានជួយគាំទ្រដល់ការរីកចម្រើន វិស័យពាណិជ្ជកម្ម និងការវិនិយោគទៀតផង លើសពីនេះសមាហរណកម្មវិស័យហិរញ្ញវត្ថុ ក៏បានជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក្នុងតំបន់ឱ្យរឹងមាំផងដែរ។
តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាការិយាល័យម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ នៅឆ្នាំ២០១៨ សេដ្ឋកិច្ចអាស៊ាននឹងបន្តរក្សាបានកំណើនរឹងមាំប្រមាណ៥.២% ដែលគាំទ្រដោយភាពប្រសើរ នៃសេដ្ឋកិច្ចពិភពលោក និងកំណើនតម្រូវក្នុងស្រុក ក្រោមបរិការណ៍ដែលវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់មានភាព សមាហរណកម្មកាន់តែកើនឡើង។
តាមរយៈការប្តេជ្ញារបស់ថ្នាក់ដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន សមាហរណកម្មហិរញ្ញវត្ថុ នឹងអាចសម្រេចបានកាន់តែ ស៊ីជម្រៅនៅឆ្នាំ២០២៥ដែលនឹងពង្រឹងភាពធនរបស់តំបន់ ប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកទេសាភិបាល ក៏បានជួបសម្តែងការគួរសមជាមួយលោក Ravy Menon នាយកគ្រប់គ្រងរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (ដែលជាធនាគារកណ្តាល សិង្ហបុរី) និងបានចូលរួមក្នុងកិច្ចពិភាក្សាពហុភាគី ជាមួយវិស័យឯកជនរួមមាន៖ កិច្ចពិភាក្សារវាងថ្នាក់ទេសាភិបាលអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុដែល មានប្រតិបត្តិការនៅក្នុងអាស៊ាន, កិច្ចពិភាក្សារវាងថ្នាក់ទេសាភិបាល និងរដ្ឋមន្ត្រីអាស៊ានជាមួយតំណាងក្រុមហ៊ុននានា របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ជាដើម៕