(ក្រចេះ)៖ ដោយខឹងសម្បារយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិភាគតិច វៀតណាមនោះ ប្រជាពលរដ្ឋមួយក្រុមរស់នៅក្នុងក្រុងក្រចេះបានប្រកាសមិនឱ្យលោក សម រង្ស៊ី ជាន់ទឹកដីកម្ពុជានោះទេ។
ប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់លោក សម រង្ស៊ី បានផ្ទុះចេញបន្ទាប់ពី សកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុនរវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
ដោយសម្តែងនូវការឈឺចាប់យ៉ាងខ្លាំងប្រជាពលរដ្ឋនៅខេត្តក្រចេះ បានលើកឡើងថា លោក សម រង្ស៊ី មិនបានជាប់ឆ្នោតផង ប៉ុន្តែលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដី ឱ្យជាតិសាសន៍ដទៃបាត់ទៅហើយ បើសិនជាជាប់ឆ្នោតទៀតនោះ មិនដឹងជាទឹកដីខ្មែរទៅជាយ៉ាងណានោះទេ។
ប្រជាពលរដ្ឋក្រុងក្រចេះ បានលើកឡើងទៀតថា ពួកគាត់មិនធ្លាប់ស្គាល់ជនជាតិម៉ុងតាញ៉ានៅកម្ពុជាទេ។ ពួកគាត់ជឿថា ជនជាតិម៉ុងតាញ៉ា គឺជាជនជាតិភាគតិចវៀតណាម។ ប្រជាពលរដ្ឋខេត្តក្រចេះក៏ស្នើឱ្យតុលាការដាក់ទោសលោក សម រង្ស៊ី ឱ្យបានម៉ឹងម៉ាត់ និងឱ្យបានធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ាគ្រប់គ្រងដោយ ស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីអោយបរទេស គឺជាបទឧក្រិដ្ឋដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិតផងដែរ។
បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»៕