(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នាវេលាម៉ោង២៣៖០០នាទី យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានកើតឡើង នៅសណ្ឋាគារ «Holiday Villa» ត្រង់ចំណុចក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ផ្លូវ៥០២)។
សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ករណីអគ្គិភ័យ នៅសណ្ឋាគារ «Holiday Villa» ខាងលើនេះ គឺបណ្ដាលមកពីផ្ទុះម៉ាស៊ីនភ្លើង រួចក៏បានរាលដាលឆេះទៅដល់ ទូ ATM របស់ធនាគារ ANZ Royal ១គ្រឿង និងរថយន្ត៣គ្រឿងទៀត ខូតខាតស្ទើរទាំងស្រុង។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានរលត់វិញ ដោយមានការចុះអន្ដរាគមន៍ផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដើម្បីទៅបញ្ជាប្រតិបត្ដិពន្លត់អគ្គិភ័យនេះ៕