(ភ្នំពេញ)៖ នៅពេលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ក្រុមអ្នកនយោបាយប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារលើការបោះឆ្នោត បាននិងកំពុងរៀបចំផែនការ ដើម្បីបំផ្លាញការបោះឆ្នោតនេះ ដោយសារតែពួកគេរួមជាមួយ ចៅហ្វាយនាយបរទេស បានបរាជ័យក្នុងការស្រោចស្រង់គណបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងប្រោសអ្នកនយោបាយ១១៨នាក់ ដែលត្រូវបានកាត់សិទ្ធិ ធ្វើនយោបាយឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញបាន។
ដោយសារគណបក្សដែលចៅហ្វាយនាយខ្លួនជាអ្នកបង្កើតមិនអាចចូលរួមបាន ក្រុមនេះមានវិធីតែម្យ៉ាងគត់គឺ បំផ្លាញការបោះឆ្នោត និងដំណើរការលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនស្តាយស្រណោះ ព្រោះក្រុមខ្លួនមិនទទួលបានផលប្រយោជន៍ ដូច្នេះត្រូវធ្វើអ្វីៗដើម្បីបង្ខូច បំភ្លៃ និងបំផ្លាញការបោះឆ្នោត។
ទង្វើទុច្ចរិតនេះត្រូវបានបង្ហាញតាមរយៈការអំពាវនាវរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា (អង្គការខុមហ្វ្រែល) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ តាមរយៈវិទ្យុអាស៊ីសេរីថា អ្នកសង្កេតការណ៍អន្តរជាតិគប្បីពិចារណាឱ្យបានហ្មត់ចត់មុន នឹងសម្រេចចិត្តចូលរួមសង្កេតការណ៍បោះឆ្នោតនៅខែកក្កដាខាងមុខ ហើយលោកបានបន្ថែមថា អង្គការខុមហ្វ្រែលមានការស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុងការសម្រេចចិត្តថាចូលរួម ឬមិនចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។
ការប្រកាសបែបនេះ គឺមានគោលបំណង ដើម្បីបង្កឱ្យមានបរិយាកាសអាប់អួរ និងបង្កើតឱ្យមានភាពមន្ទិលសង្ស័យលើសុចរិតភាពនៃការបោះឆ្នោតដូចអ្វីដែលលោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល ធ្លាប់បានធ្វើកន្លងមកក្នុងពេលបោះឆ្នោតមុនៗ ជាពិសេសការបោះឆ្នោតសកលឆ្នាំ២០១៣ តាមរយៈការឃុបឃិតជាមួយ អង្គការបរទេសមួយចំនួនទៀត នៅក្នុងការបំភ្លៃការពិតថា ទឹកខ្មៅជ្រលក់ដៃលុបជ្រះ និងបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោតជាង១,២៥លាននាក់ ពុំមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីបំពុលនិងបង្ខូចបរិយាកាសបោះឆ្នោត និងបដិសេធលទ្ធផលនៃការបោះឆ្នោត។ ទង្វើរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល រួមជាមួយ អង្គការសង្គមស៊ីវិលបរទេសដទៃទៀត បានបង្កើតរឿងប្រឌិតទាំងនេះឡើង ដើម្បីផលប្រយោជន៍គណបក្សប្រឆាំងយកធ្វើជាលេសក្នុងការតវ៉ាបម្រើឱ្យគោលដៅនៃការ ផ្លាស់ប្តូររបប និងមេដឹកនាំតាមបែបមិនប្រជាធិបតេយ្យ។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ឆ្នាំ២០១៨ តើលោក គល់ បញ្ញា និងអង្គការសង្គមស៊ីវិលបរទេស ព្រមទាំងក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ នឹងត្រៀមធ្វើអ្វីខ្លះដើម្បីបង្ខូចនិងបំផ្លាញការបោះឆ្នោតនៅកម្ពុជា?
១៖ តាមប្រភពពីអង្គការ ANFREL (បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ) បានឱ្យដឹងថា ដោយសារតែបន្ទប់ស្ថានការណ៍បោះឆ្នោតដែលបាន បង្កើតឡើងដោយខុសច្បាប់ក្នុងអំឡុងពេលនៃការបោះឆ្នោតនៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ នឹងមិនមានវត្តមាននៅកម្ពុជាទៀត ដូច្នេះបន្ទប់ស្ថានការណ៍បោះឆ្នោតនេះ នឹងត្រូវផ្លាស់ប្តូរទៅបាងកក។ ដោយសារបានដើរតួនាទីសំខាន់ក្នុងកិច្ចការបោះឆ្នោត ក៏ដូចជាទទួលបានជោគជ័យក្នុង ការអុកឡុកដំណើរការនៃការបោះឆ្នោតនោះ លោក គល់ បញ្ញា ត្រូវបានតែងតាំងជាប្រធានថ្មីនៃអង្គការ ANFREL ដែលមានស្នាក់ការនៅបាងកក។
អង្គការនេះក៏បានសម្រេចផ្តល់ការិយាល័យមួយឱ្យអង្គការសង្គមស៊ីវិលកម្ពុជា ជាទីស្នាក់ការផងដែរ។ រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថាតើនឹងមានអង្គការ មិនមែនរដ្ឋាភិបាលណាខ្លះពីកម្ពុជាទៅចូលរួមបង្កើតបន្ទប់ស្ថានការណ៍នោះនៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់គឺ អង្គការខុមហ្វ្រែលរបស់លោក គល់ បញ្ញា នឹងចូលរួមនិងទាក់ទងជាមួយបណ្តាញរបស់ខ្លួននៅកម្ពុជា ដើម្បីធ្វើសកម្មភាពបំផ្លាញការបោះឆ្នោតនាពេលខាងមុខ បំពងសម្លេងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងអំពាវនាវមិនឱ្យអន្តរជាតិទទួលស្គាល់ការបោះឆ្នោតជាដើម ដោយយកមូលហេតុថា គ្មានវត្តមានក្រុមអ្នកនយោបាយក្បត់ជាតិនៃអតីតបក្សប្រឆាំង។
២៖ លោក គល់ បញ្ញា ត្រូវបានដំឡើងធ្វើជាប្រធានអង្គការ ANFREL ចំណែកឯប្រធានអង្គការនេះត្រូវបានប្រភពព័ត៌មានអះអាងថា ត្រូវបានបំបែកឱ្យទៅ ធ្វើការនៅអង្គការ AND (Asia Democracy Network) ដែលអង្គការនេះពាក់ព័ន្ធគ្នាក្នុងការរៀបចំផែនការនានា ដើម្បីឈានទៅដល់ជ័យជម្នះនៃការ
អនុវត្តផែនការ បំផ្លាញការបោះឆ្នោត។ ម្យ៉ាងទៀត មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេ ដែលធ្វើសកម្មភាពនេះគឺលោក គួយ ប៊ុនរឿន អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក គល់ បញ្ញា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោមខ្សែញាក់របស់ចៅហ្វាយបរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិមួយចំនួននៅឯក្រៅប្រទេស ដែលកំពុងដើរបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន។
៣៖ ក្រោមការដឹកនាំរបស់លោក គល់ បញ្ញា អង្គការ ANFREL នឹងរៀបចំកិច្ចប្រជុំមួយនៅបាងកក នៅក្នុងអំឡុងខែមេសានេះ ដោយនឹងអញ្ជើញអង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាចូលរួម ដើម្បីរៀបចំផែនការទុច្ចរិត និងរកល្បិចកលមួយចំនួនក្នុងការបំផ្លាញការបោះឆ្នោត និងបង្កាច់បង្ខូចមុខមាត់កម្ពុជា។
តាមប្រភពពីមន្ត្រីអង្គការ ANFREL កិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅក្រោមពាក្យស្លោក «ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត»។ ប្រភពពីមន្ត្រីអង្គការ ANFREL ដដែលបានឱ្យដឹងថា ក្រៅពីរបៀបវារៈដែលពួកគេគ្រោងនឹងប្រជុំនិងធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីជាឡប់ឡែបិទបាំងនូវផែនការទុច្ចរិតរបស់ខ្លួន អង្គការ នេះក៏នឹងមានការប្រជុំបិទទ្វារ ជាក្រុមសកម្មតូចៗដាច់ដោយឡែកពីគ្នា ដើម្បីស្តាប់របាយការណ៍នៃលទ្ធផលឃ្លាំមើលនយោបាយនៅកម្ពុជា ក្រោយពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងធ្វើផែនការបន្តឃ្លាំមើលចលនាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង និងក្រៅប្រទេស។
ប្រភពដដែលបានលើកឡើងថា ក្រុមសង្គមស៊ីវិលទាំងនេះ នឹងគ្រោងរៀបចំចលនាប្រឆាំងឱ្យបានច្រើននិងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់សម្ពាធលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការទាមទាររបស់ក្រុមប្រឆាំងឱ្យលុបចោលសាលដីការបស់តុលាការកំពូលអនុញ្ញាតឱ្យខ្មោច គណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងលុបចោល ការហាមឃាតអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ឱ្យចូលរួមការបោះឆ្នោតវិញ។
៤៖ ទន្ទឹមនឹងការកៀរគរសម្ពាធពីក្រៅប្រទេស អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរឱ្យទុកចិត្ត ព្រោះគ្មានតំណាងក្រុមប្រឆាំងជាដើម។ ក្រុមសង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.ប ដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏ដូចជា ប្រឌិតព័ត៌មានអកុសលផ្សេងៗជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និងយកចិត្តទុកដាក់លើភាពត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត និងភាពជឿទុកចិត្តបាននៃការបោះឆ្នោតនៅកម្ពុជាណាស់ ប៉ុន្តែធាតុពិតគឺជាការអនុវត្តផែនការផ្តល់ឱកាស ដល់ក្រុមគណបក្សប្រឆាំងយកលេស ដើម្បីធ្វើ បាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការចាញ់ការបោះឆ្នោត និងផ្តល់ឱកាសឱ្យក្រុមប្រឆាំងប្រើប្រាស់ការតវ៉ាលទ្ធផលបោះឆ្នោត ទៅជាបាតុកម្មបង្កចលាចល និងឈានដល់ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។
៥៖ តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះ អង្គការមានថវិកាគ្រប់គ្រាន់ ហើយបាននិងកំពុងរៀបចំការងារទាំងនេះ។ ប៉ុន្តែប្រភពមិនបាន បញ្ជាក់ថា តើថវិកាដែលគ្រោងនឹង ចំណាយ សម្រាប់ផែនការបំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជានេះ មានការគាំទ្រពីប្រភពណាមួយពិតប្រាកដនៅឡើយទេ។ គោលដៅសំខាន់ដែលពួកគេខិតខំប្រឹងប្រែងពីពេលនេះ គឺដើម្បីយកការវាយតម្លៃថា បរិយាកាសសង្គមនិងនយោបាយនៅកម្ពុជាមិនល្អ គឺត្រូវពន្យារពេលនៃ ការបោះឆ្នោតសិន។ ការ ពន្យារពេល ដែលគេមើលឃើញថា ដើម្បីស្វះស្វែងរកការប្រោសឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងរង់ចាំការចូលរួមរបស់គណបក្ស ប្រឆាំង នៅក្នុងការបោះឆ្នោត។ ហេតុដូច្នេះហើយបានជាទាំងក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិល បានខិតខំនិយាយថា កម្ពុជាមានវិបត្តិ នយោបាយធ្ងន់ធ្ងរ និងស្ថានភាពនយោបាយកាន់តែអាក្រក់ទៅៗ ព្រមទាំងបានព្រមានថាកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ពេលអន្តរជាតិផ្តាច់ជំនួយ ឈប់ទិញផលិតផលពីកម្ពុជាជាដើម។
តាមរយៈតួនាទីបន្ថែមថ្មីមួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅមិនបានបម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់របស់បរទេសមួយចំនួន ដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួនក៏មិនអនុវត្តបានផង។
នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសមួយចំនួន ដែលធ្លាប់បានលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា មិនទាន់បញ្ចប់នូវផែនការដ៏អាក្រក់ ក្នុងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ។ លោក គល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។ ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹង
កម្ពុជា ហើយជនជាតិកម្ពុជាដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯងយ៉ាងច្បាស់ ក្រឡែតមិនអាចប្រកែកបានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងក្នុង បំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨