(កូឡាឡាំពួ-ម៉ាឡេស៊ី)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី រដ្ឋ ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤១២នាក់ មកពីបណ្តារដ្ឋក្នុងតំបន់ផ្សេងៗគ្នា ដែលបាននិងកំពុងស្នាក់នៅរកស៊ីនៅប្រទេសម៉ាឡេស៊ី។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍន៍។ ក្រោយពីបញ្ចប់ពិធីសំណេះសំណាល លោកបានអញ្ជើញចូលរួមពិសាអាហារសាមគ្គី ជាមួយបងប្អូន និងឧបត្ថម្ភដល់ជនពិកា ចាស់ជរា សិស្សផងដែរ។
តំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះមកសួរសុខទុក ដល់ប្រជាពលរដ្ឋ ហើយពួកគាត់បានប្ដេជ្ញាចិត្តថា នឹងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
ជាកិច្ចបន្ទាប់មកនេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា រួមដំណើរជាមួយ លោកឧកញ៉ា Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី, លោកឧកញ៉ា Tan Seri Dato' Seri Abdul Wahab Nawi ប្រធានពិព័រហាឡាលអន្តរជាតិ ចូលរួមពិព័រណ៌ហាឡាលអន្តរជាតិលើកទី១៥ ដែលមានការតាំងពិព័រណ៌ពីផលិតហាឡាលរាប់ពាន់មុខ ចូលរួមដោយ៣៤ប្រទេស ដែលមានផលិតផលតាំងនៅលើស្តង់ចំនួន១,១០១ស្តង់ ក្នុងនោះក៏មានក្រុមហ៊ុន លី លី ដែលជាក្រុមហ៊ុនផលិតនំស្រួយកម្ពុជា ដែលទើបទទួលវិញ្ញាបនបត្រស្តង់ដារហាឡាលកម្ពុជាផងដែរ។
សូមជម្រាបថា ទាក់ទងនឹងសក្តានុពលហាឡាលរបស់ម៉ាឡេស៊ី គឺសព្វថ្ងៃម៉ាឡេស៊ី មានក្រុមហ៊ុនផលិតផលហាឡាលដល់ទៅចំនួន៧,០៣៩ក្រុមហ៊ុន ដែលក្នុងនោះ បាននិងកំពុងនាំចេញផលិតផលហាឡាលចំនួន១,៦១២ ផ្តល់នូវកម្លាំងពលកម្ម៣៣០,០០០នាក់ ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មហាឡាល ដែលការនាំចេញនេះបានកើនដល់១១ពាន់លានដុល្លាអាមេរិក។ ការតាំងពិព័រណ៌នេះចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៌ពាណិជ្ជកម្មម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ៕