(កូឡាឡាំពួរ-ម៉ាឡេស៊ី)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានពិភាក្សាការងារជាមួយ សម្តេច Tun Zaki Bin Tun Azmi អតីតប្រធានតុលាការម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើឱកាសវិនិយោគ វិស័យហាឡាលដែលកម្ពុជា កំពុងចាប់ផ្តើមវិវត្តជាបណ្តើរៗ។
ក្នុងនោះក៏មានការអមដំណើរដោយ លោក Dato' Aidit Ghazali ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសឺឡាង (MAIS) លោក Dato' Abdul Hanif Harun នៃសមាគមសុខុមាភាពឥស្លាមម៉ាឡេស៊ី (PERKIM), លោក Dato Prof Mohamad Ali អនុប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ដែលបានសហការជួយកសាងវិហារ ស៊ូរ៉ាវ សាលារៀន ការវិនិយោគ រួមនឹងការងារមនុស្សធម៌ជាច្រើនដូចជា កម្មវិធីស្រាយបួស ប្រាក់ឧបត្ថម្ភចាស់ជរា កុមារកំព្រា វគ្គបណ្តុះបណ្តាលផ្សេងៗ និងជំនួយគ្រោះធម្មជាតិជាដើម។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើឱកាសវិនិយោគវិស័យហាឡាលដែលកម្ពុជា កំពុងចាប់ផ្តើមវិវត្តជាបណ្តើរៗ ក្នុងទិសដៅប្រកួតប្រជែង ជាមួយទីផ្សាហាឡាលអន្តរជាតិ ក៏ដូចជាការទទួលនូវការចែករំលែកនូវបទពិសោធន៍ល្អ លើឧស្សាហកម្មហាឡាលរបស់ភាគីម៉ាឡេស៊ី ដែលមានវ័យចំណាស់ជាងគេនៅអាស៊ាន ហើយមានក្រុមហ៊ុនក្នុងស្រុកជាង៧ពាន់ ដែលអនុវត្តយកវិញ្ញាបនបត្រហាឡាល ដែលមានទំហំទឹកប្រាក់ សម្រាប់ផលិតផលហាឡាល នាំចេញប្រមាណ១១ពាន់លានដុល្លា។
ដោយឡែក លោក អូស្មាន ហាស្សាន់ ក៏បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ HRH Sultan Nazrin Muizzuddin Shah ជាស្តេចនៃរដ្ឋ Perak ម៉ាឡេស៊ី ខណៈនោះ លោកក៏បានបង្ហាញពីចក្ខុវិស័យសំខាន់ៗជាច្រើន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតបានទទួលនូវភាពជោគជ័យលើកំណើនសេដ្ឋកិច្ចត្រចះត្រចង់ និងត្រូវបានឆាកអន្តរជាតិកោតសរសើរ។
លោក អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ក្នុងចំណោមយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពេលនេះឧស្សាហកម្មហាឡាល គឺជាផ្នែកអទ្ធិភាពយ៉ាងសំខាន់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ជំរុញឲ្យដំណើរបានឆាប់រហ័ស ដើម្បីប្រលូកក្នុងទីផ្សារ នៃសមាហរណកម្មហាឡាលអាស៊ាន។
ជាមួយគ្នានោះ ព្រះអង្គម្ចាស់ HRH Sultan Nazrin Muizzuddin Shah ក្នុងនាមជាស្តេចនៃរដ្ឋមួយ របស់ម៉ាឡេស៊ី បានកោតសរសើរពីការដឹកនាំដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកប្រទេសអាស៊ាន នៅក្នុងរបងរួមគ្នា ហើយក៏បានបង្ហាញនូវការផ្តល់កម្លាំងចិត្តជ្រោមជ្រែងឲ្យកម្ពុជា ឆ្ពោះទៅចាប់យកឧស្សាហកម្មហាឡាល ដោយជោគជ័យក្នុងពេលឆាប់ៗនេះ៕