(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការពង្រឹងការគ្រប់គ្រង លើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍គ្រប់ប្រភេទ នៅតាមភូមិសាស្ត្ររាជធានី-ខេត្ត ដោយធ្វើការរឹតបន្តឹងការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទូរគមមនាគមន៍ ក្រោយរកឃើញថា ការសាងសង់មួយចំនួន មិនមានច្បាប់អនុញ្ញាត និងសំណង់គ្មានស្តង់ដារ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានសង្គមជាដើម។

ក្នុងសេចក្តីណែនាំ និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កត់ធ្ងន់ថា «និយ័តករទូរគមនាគមន៍កម្ពុជា សូមណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវទំនាក់ទំនង និងសហការដាច់ខាតជាមួយ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ដែលខ្លួនមានបំណងសាងសង់ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍របស់ខ្លួនគ្រប់ប្រភេទ មុននឹងធ្វើការសាងសង់ជាមុនសិន។ ក្នុងករណី រកឃើញថា ប្រតិបត្តិករណាមួយមិនព្រមអនុវត្តតាម និយ័តករទូរគមនាគមន៍ នឹងដាក់ពាក្យស្នើសុំទៅអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី ដែលបានបញ្ញត្តិនៃច្បាប់ស្តីពីទូរគមនាគមន៍»៕