(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា តំណាងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និងលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជាង២ពាន់នាក់ ព្រមទាំងប្រមូលថវិកាបានសរុប ២៣៦,០៦២ដុល្លាអាមេរិក។
លោក ម៉ៅ ធនិន បានថ្លែងថា ជួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាល គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនីធិ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវគាវរកិច្ចចំពោះ លោក កែវ រតនៈ និងលោកស្រី ព្រមទាំងលោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” នៅលើទឹកដីខេត្តពោធិ៍សាត់នាពេលនេះ។ ការប្រារព្ធទិវានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និងឲ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុងអនុវត្តដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក កែវ រតនៈ បានពាំនាំ និងការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះលោកឧកញ៉ា លោក លោកស្រី និងសម្បុរសជន ដែលជានិច្ចកាលតែងតែផ្តល់ការ គាំទ្រជាមនុស្សធម៌ ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ជាង៥ឆ្នាំមកហើយ។ លោកបានបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ជនរងគ្រោះ និងខ្វះខាត នៅតាមមូលដ្ឋានគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និងវប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ»។ ក្នុងឆ្នាំ២០១៨នេះ នៅមានកិច្ចការធំៗជាច្រើន ត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងធ្វើការឆ្លើយតបទៅនឹងវិបត្តិទាំងនោះ ដើម្បីជាក្តីសង្ឃឹម និងភាពកក់ក្តៅរបស់ជនរងគ្រោះ។
លោកបន្តទៀតថា សកម្មភាពមនុស្សធម៌ គឺគ្មានព្រំដែនកំណត់ទេ និងទាមទារកម្លាំងច្រើនចូលរួម ពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរសហប្រតិបត្តិការនានា ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ឆ្លៀតក្នុងឱកាសនោះ គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំឲ្យមានចាប់រង្វាន់ចំនួន ៩៨រង្វាន់ ក្នុងនោះម៉ូតូ ២រង្វាន់ ទូរទស្សន៍ SAMSUNG LED 32"ចំនួន ៥រង្វាន់ កង់ហាត់ប្រាណ ៥គ្រឿង ឆ្នាំងដាំបាយអគ្គិសនីធំ ៧រង្វាន់ កង្ហារបញ្ឈរធំ ៧រង្វាន់ ឆ្នាំងអ៊ុតអគ្គិសនីធំ ១០រង្វាន់ ធុងទឹកកកបួនជ្រុង ១០រង្វាន់ មួយសុវត្ថិភាព ៥០រង្វាន់ និងរង្វាន់មួយចំនួនទៀត សរុបជាទឹកប្រាក់ជិត៧ពាន់ដុល្លារអាមេរិក៕