(ភ្នំពេញ)៖ ៣ថ្ងៃនេះ! លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ តំណាងឲ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ បានចុះទៅសំណេះសំណាល សួរសុខទុក្ខធ្វើការស្វែងយល់អំពីការលំបាក ឬក្ដីកង្វល់នានា ពិសេសសំណូមពរផ្សេងៗ ក្នុងការរិះរកដំណោះស្រាយ ជូនឲ្យទាន់សភាពការណ៍ ដោយពាំនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ជាជនចាស់ជរា និងស្ត្រីកូនខ្ចីចំនួន៣៨គ្រួសារ ដើម្បីជួយដោះស្រាយជីវភាពតាមគ្រួសារនិមួយៗ បានមួយចំនួន។
សកម្មភាពមនុស្សធម៌របស់ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ តំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ខាងលើនេះដែរ បានធ្វើឡើង៣ថ្ងៃជាប់ៗគ្នា តាំងពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងនៅសង្កាត់ស្វាយប៉ាក សង្កាត់ឬស្សីកែវ សង្កាត់ច្រាំងចំរេះទី២ «ពោលគឺ៤សង្កាត់» ក្នុងខណ្ឌឬស្សីកែវ ដោយមានការរួមដំណើរពីលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារពាក់ព័ន្ធមួយចំនួនផងដែរ។
តំណាងលោក ជា ពិសី លោកស្រី អាន ផល្លា បានលើកឡើងពីការចង្អុលបង្ហាញចំគោលដៅ និងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យអាជ្ញាធរយកចិត្តទុកដាក់ឲ្យបានខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងបានឡើយ។
លើសពីនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើឲ្យអាជ្ញាធរសង្កាត់-ភូមិ ពិសេសប្រជាពលរដ្ឋជួយសហការ និងរាយការណ៍ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ មានជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជន គ្មានទីពឹងជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបឧបត្តវហេតុផ្សេងៗ ជាដើម ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូនលោកអភិបាលខណ្ឌ ជា ពិសី ក្នុងការរិះរកដំណោះស្រាយជូន ឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ ស្របទៅតាមអនុសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។
លោកស្រីបានបញ្ជាក់ផងដែរថា សម្រាប់អំណោយកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភជូនចាស់ជរា និងស្ត្រីកូនខ្ចីទាំង៣៨គ្រួសាររួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ៦ដប ទឹកស៊ីអីវ១យួរ ៦ដប រួមជាមួយថវិកា ចំនួន៥ម៉ឺនរៀលស្មើៗគ្នា ក្នុងនោះមាន៨គ្រួសារ មានការឧបត្ថម្ភបន្ថែមពីលើ ចំនួន១៥០០០០រៀល (មួយសែនប្រាំម៉ឺនរៀល) របស់សមាជិកក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ៦ លោកស្រី សុខ ដេម៉ា និងសមាជិកក្រុមប្រឹក្សាខណ្ឌ ជាសមាជិកប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា លោក តាំ រចនា ផងដែរ៕