(បន្ទាយមានជ័យ)៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ហង្ស ស៊ីផា ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានពាំនាំយកគ្រឿងឧបរិភោគ ចែកជូនកម្លាំងយោធាការពារព្រំដែននៃកងពលលេខ៥១ ប្រមាណជា១០០កេសធំ និងបានយកស៊ីម៉ងត៌ចំនួន១០តោន រួមទាំងដែកមួយចំនួនធំប្រកានវត្តរំលំជ្រៅ ស្រុកស្វាយចេក សំរាប់ទុកកសាងវត្ត និងរចនាសម្ព័ន្ធក្នុងវត្តអារាម។
លោក ហង្ស ស៊ីផា បានថ្លែងថា នៅក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនាខាងមុខនេះ លោកព្រមទាំងសប្បុរសជន បាននាំយកអំណោយជាគ្រឿងបរិភោគ ជាមីកញ្ចប់តូចធំប្រមាណ ជា១០០កេសធំ មកចែកជូនបងប្អូនកម្លាំងយោធា ដែលកំពុងការពារមាតុភូមិប្រទេសកម្ពុជាយើងជារាល់ថ្ងៃនេះ។
លោកបានបញ្ជាក់ថា វត្តអារាមបានយកខ្នងរារាំង ដើម្បីរក្សាផ្គត់ផ្គង់ នូវវប្បធម៌ប្រពៃណីខ្មែរ ដូចម្តាយ រក្សាកូន ដូចទឹករក្សាត្រី ដូចព្រៃរក្សាសត្វ។ វត្តអារាម និងព្រះពុទ្ធសាសនាខ្មែរ ប្រៀបបានសសរកន្លោងសម្រាប់សង្គម នឹងប្រពៃណីខ្មែរ។ មិនតែប៉ុណ្ណោះ វត្តអារាម មានតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គមខ្មែរ ក្រោមពីអតីតកាលរហូតមកដូចតទៅ វត្តអារាមជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ជាតិ ឲ្យបានគង់វង្សជាអមតៈ។
លោក ហង្ស ស៊ីផា បញ្ជាក់ថា វត្តអារាមជាមន្ទីរពេទ្យព្យាសម្រាប់បាលចិត្តគំនិត ឫអារម្មណ៍សៅហ្មងទាំងពួង ឲ្យបាននៅស្ងប់ស្ងៀម និងជាទីកន្លែងដំកល់ទុកឯកសារសំខាន់ៗរបស់ពលរដ្ឋខ្មែរ។
វត្តអារាម ជាសាលាពហុបច្ចេកទេសសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំសីលធម៌ បណ្តុះសាមគ្គីភាពសាមគ្គីធម៌ និងបណ្តុះគំនិតឯកភាព ជាតិដល់ពលរដ្ឋខ្មែររគ្រប់ៗរូប។
វត្តអារាម ជាទីប្រមូលផ្តុំរបស់ពលរដ្ឋខ្មែរ ក្នុងការរួមចំណែកកសាងសមិទ្ធិផល បំរើសង្គមជាតិ និងជំរុញឲ្យមនុស្សចេះស្រឡាញ់ធម្មជាតិ គោរពសិទ្ធិមនុស្សស្រឡាញ់មាតុភូមិរបស់ខ្លួនជាអាទិ។ វត្តអារាម ជាទីកន្លែងសម្រាប់ដោះស្រាយទំនាស់បដិបក្ខដោយអហឹង្សា៕