(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា បើប្រទេសជាតិមិនមានសុខសន្តិភាពទេ យើងក៏គ្មានឱកាសអុជធូបទទួលទេវតាឆ្នាំថ្មី និងជួបជុំសប្បាយជាមួយគ្នាទេ។ នេះជាការលើកឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និវត្តន៍ជន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ ដែលមានបរទេសនៅពីក្រោយ ហើយបានចុះបញ្ជីចូលរួមបោះឆ្នោតនោះ គឺមិនទទួលយកលទ្ធផល នៃការបោះឆ្នោតទេ ហើយផ្ទុយទៅវិញ បានបង្ករបញ្ហាអសន្តិសុខគ្រប់បែបយ៉ាងដល់សង្គមជាតិ តាមរយៈការញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
បន្ថែមលើសពីនេះ ប្រធានគណបក្សមួយនេះ បានឃុបឃិតជាមួយបរទេសចង់ធ្វើបដិវត្តពណ៍ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បើកុំតែរាជរដ្ឋាភិបាលកម្ពុជា អនុវត្តវិធានការផ្លូវច្បាប់ចំពោះប្រធានបក្សមួយនោះទេ មិនដឹងប្រទេសរបស់យើងរហូតមកដល់ពេលនេះ មិនមានសុខសន្តិភាពនោះទេ ហើយយើងទាំងអស់គ្នា ក៏មិនបានអុជធូបទទួលទេវតាឆ្នាំថ្មី និងជួបជុំគ្នាសប្បាយនោះទេ ដែលចំណុចនេះ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសន្តិភាពនេះឲ្យនៅគង់វង្យយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនសំបូរសប្បាយជាងនេះតទៅទៀត។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា បានជម្រុញឲ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវចុះផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបានយល់ពីច្បាប់ចរាចរណ៍ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ពោលលោកមិនចង់ឲ្យការសប្បាយក្លាយជាទុក្ខនោះទេ ហើយក៏មិនចង់ឃើញគ្រួសារណាមួយ មានទុក្ខក្រោយបុណ្យចូលឆ្នាំថ្មីដោយបញ្ហានេះដែរ។
ទន្ទឹមនិងនោះលោក អ៊ុន ចាន់ដា ក៏បានសំដែងនូវការកោតសរសើរ ដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីនេះឡើង ដោយមានការអញ្ជើញ ទាំងនិវត្តន៍ជន ចូលរួមផងដែរ ដែលនេះគឺជាការដឹងគុណ តបស្នងសងគុណចំពោះគាត់ បើទោះបីជាគាត់បានចូលនិវត្តន៍ក៍ពិតមែន ក្រៅពីការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺមន្ទីរបានឲ្យគាត់ ចូលបំរើការងារជាមន្ត្រីជាប់កិច្ចសន្យាទៀតផង។
ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ការជួបជុំនៅក្នុងពេលនេះ ទាំងមន្ត្រីរាជការពេញសិទ្ធិ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជន នៃមន្ទីសាធារណការខេត្តមានចំនួន១៧៧នាក់។ ការធ្វើពិធីនេះគឺចង់បញ្ជាក់ឲ្យមន្ត្រីរាជការជំនាន់ក្រោយ ត្រូវរៀនសូត្រអនុត្តន៍តាម ពិសេសគឺយើងបានផ្តល់ការលើកទឹកចិត្ត ដល់គាត់ជូនជាថវិកា និងរបស់របរដល់គាត់ក្នុងឱកាសឆ្នាំថ្មីនេះ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ទៀតថា មុនឱកាសឆ្នាំថ្មីនេះក្រោមការដឹកនាំបញ្ជារពីលោក អ៊ុន ចាន់ដា និងការឧបត្ថម្ភពីសប្បុរសជន មន្ទីរសារធារណការ បានជួសជុលផ្លូវ៣ខ្សែ ដើម្បីសម្រួលការធ្វើដំណើរកំសាន្ត ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្មាំថ្មីនេះ ហើយជាការដឹងគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ នៅក្នុងមន្ទីរទាំងនុវត្តន៍ជន ទាំងមន្ត្រីជាប់កិច្ចសន្យា ក៏ដូចជាមន្ត្រីពេញសិទ្ធមន្ទីរ បានរៀបចំជាការដូរនិងថវិការជូនថែមទៀតផង។
នៅល្ងាចថ្ងៃនេះថ្នាក់ដឹកនាំ បានរៀបចំការហូបបាយសាមគ្គីរួមគ្នាផងដែរ ដោយមានការចូលរួមយ៉ាងសប្បាយរីករាយក្រៃលែង៕