(សៀមរាប)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមសម្អាតក្រុងសៀមរាប តាមរយៈរថយន្តសម្អាតផ្លូវធុនធ្ងន់ចំនួនពីរគ្រឿង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកាន់ទីក្រុងវប្បធម៌មួយនេះ ក្នុងអំឡុងពេលអង្គរសង្រ្គាន្តឆ្នាំ២០១៨។ រថយន្តសម្អាតផ្លូវទាំងពីរគ្រឿង នឹងសម្អាតក្រុងសៀមរាប ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានថ្លែងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីសជីស តែងតែចូលរួមជាមួយរដ្ឋបាលខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ពិសេសផ្នែកបរិស្ថាន តាមរយៈរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងនេះ។
លោក សូរ ប្លាតុង បានបន្តថា «រថយន្តដ៏ទំនើបនេះ ពិតជាជួយសម្រួលការងាររបស់អាជ្ញាធរបានច្រើន ពិសេសគឺធ្វើឱ្យខេត្តមានសោភ័ណភាពស្អាត ស័ក្តិសមជាខេត្តដ៏មានសក្តានុពលមួយ ដើម្បីត្រៀមស្វាគមន៍ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងទេសចរនានា »។
នេះជាលើកទី២ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បញ្ជូនរថយន្តសម្អាតផ្លូវ មកជួយសម្អាតផ្លូវក្នុងក្រុងសៀមរាប។ ក្រោមយុទ្ធនាការណ៍ «បរិស្ថានស្អាត សុខភាពល្អ» ក្រុមហ៊ុន នឹងបញ្ជូនរថយន្តទាំងពីរគ្រឿង ទៅជួយសម្អាតផ្លូវនៅគ្រប់រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា៕