(មណ្ឌលគីរី)៖ លោក ជុំ វន អតីតអធិការរងនគរបាលក្រុងសែនមនោរម្យ ត្រូវបានប្រជាពលរដ្ឋជាង២០០គ្រួសារ រស់នៅភូមិពូឆប និងភូមិឡេះ ឃុំដាក់ដាំ ស្រុកអូរាំង នាំគ្នាផ្តិតមេដៃប្តឹងទៅកាន់លោក ហ៊ុន ម៉ាណែត ដើម្បីឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដោយចោទប្រកាន់ថា មន្ត្រីនគរបាលរូបនេះ បានរំលោភយកដីចំការទាំងពីរភូមិ សរុបជាង២០០ហិកតា។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលមានស្នាមផ្តិតមេដៃនៅក្នុងភូមិទាំង២នេះ បានដាក់ជូនលោក ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយ បន្ទាប់ពីពួកគេមិនទាន់ទទួលបានដំណោះស្រាយ ណាមួយតាំងពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត និងស្ថាប័នតុលាការទៀតផង។
យោងតាមតំណាងប្រជាពលរដ្ឋ បានប្រាប់បណ្តាញអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះថា ឈ្មោះ ជុំ វន អតីតជាអធិការរងម្នាក់ នៅក្រុងសែនមនោរម្យ បានរំលោភដីចំការរបស់ពួកគាត់ ដែលជាកម្មសិទ្ធិស្របច្បាប់ក្នុងភូមិទាំងពីរនេះ សរុបជាង២០០ហិកតា យកទៅកាន់កាប់ ខណៈដែលអាជ្ញាធរមូលដ្ឋាន បានទទួលដឹងឮថា ដីទាំងនេះ ជារបស់អ្នកភូមិពិតប្រាកដ។
តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ឈ្មោះ ជុំ វន បានយកឯកសារពាក់ព័ន្ធ ទៅនឹងដីធ្លីមកផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរ លុះមួយថ្ងៃក្រោយមក អាជ្ញាធរបានរកឃើញថា ឯកសាររបស់លោក ជុំ វន មិនត្រឹមត្រូវនោះឡើយ ពោលដីចំការទាំងនេះ ពិតជារបស់អ្នកភូមិប្រាកដមែន។
ប្រជាពលរដ្ឋ បន្ទាប់ពីត្រូវបានមន្ត្រីនគរបាលរូបនេះ រំលោភយកដីចំការនោះ ក៏បាននាំគ្នាប្តឹងទៅអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ព្រមទាំងស្ថាប័នតុលាការ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយ នោះទេ ទើបពួយគាត់ដាក់ពាក្យបណ្តឹងសូមអន្តរាគមន៍ទៅលោក ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយចំពោះបញ្ហាដីធ្លីនេះ។
ជាមួយគ្នានេះមេឃុំដាក់ដាំ លោក ចាស់ ណា នៅព្រលប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ដោយទទួលស្គាល់ថា ដីទាំងជាង២០០ហិកតានោះ ពិតជាដីរបស់ ប្រជាពលរដ្ឋពិតមែន ហើយត្រូវឈ្មោះ ជុំ វន បានរំលោភយកតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ។
លោកមេឃុំ បានបញ្ជាក់ថា នៅពេលនេះអាជ្ញាធររបស់លោក បាននិងកំពុងធ្វើការដោះស្រាយផងដែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយរង់ចាំការដោះស្រាយបន្តបន្ទាប់ទៀត។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ មិនទាន់អាចសូមការពន្យល់ និងការបកស្រាយណាមួយពីលោក ជុំ វន ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងនៅឡើយទេ៕