(ពោធិ៍សាត់)៖ អគារសិក្សា២ខ្នង មាន៦បន្ទប់ ដែលទើបស្ថាបនារួចមាននៅក្នុងសាលាបឋមសិក្សាលលកស ស្ថិតនៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំណាយថវិកាជិត៦ម៉ឺនដុល្លារ និង២៨លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ព្រះតេជគុណ នៅ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅ «វត្តព្រែកស្តី» រួមជាមួយសប្បុរសជនក្នុង និងក្រៅខេត្តត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ។

លោកស្រី នៅ ស៊ីផន នាយិកាសាលាបឋមសិក្សាលលកស បានថ្លែងថា អគារសិក្សា២ខ្នង ៦បន្ទប់ដ៏ថ្មីស្រឡាងនៅចំពោះមុខនេះ ចំណាយថវិកា សាងសង់អស់ជិត៦ម៉ឺនដុល្លារ និងជាង២៨លានរៀល ជាអំណោយរបស់ព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះគ្រូចៅអធិការ វត្តហង្សាបិតិ ហៅ«វត្តព្រែកស្តី» ព្រមទាំងសម្បុរសជន ក្នុងនិងក្រៅខេត្ត សម្រាប់សម្រួលនៃដំណើរការសិក្សារៀនសូត្ររបស់សិស្ស ដែលតែងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។

លោកស្រីនាយិកា បានឲ្យដឹងទៀតថា ជាច្រើនឆ្នាំកន្លងមកនេះ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ បានជួយកសាង សមិទ្ធិផលនៅក្នុងសាលាបឋមសិក្សាលលកសជាបន្តបន្ទាប់ដូចជា៖ ចាក់ដីបំពេញទីធ្លា ស្ថាបនាផ្លូវ របង និងសម្ភារប្រើប្រាស់យ៉ាងច្រើន និងបន្តជួយកសាងរបងថ្មជាង២០០ម៉ែត្រទៀត។

លោក ម៉ៅ ធនិន ក៏បានថ្លែងនូវអំណរគុណ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្តពីសំណាក់ព្រះតេជគុណ នៅ សុគន្ធថៃ និងសប្បុរសជន ក្នុងនិងក្រៅខេត្ត ដែលបានចំណាយធនធានមកចូលរួម កសាងសមិទ្ធផលនៅក្នុងសាលាបឋមសិក្សា ប្រយោជន៍ដល់កូនចៅយើងនៅទីនេះ មានអគាសិក្សាល្អស្អាតរៀនសូត្រ។ អគារសិក្សា ដែលស្ថិតនៅចំពោះមុខយើងនេះ គឺជាសក្ខីភាពមួយបញ្ចាក់ឱ្យឃើញថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ណ្ណ សមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងមានភាពស័ក្កិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានសំណូមពរឱ្យមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ត្រូវខិតខំជំរុញកូនចៅឱ្យមករៀនជារៀងរាល់ថ្ងៃ ត្រូវគោរពលោកគ្រូអ្នកគ្រូ មានវិន័យល្អ ចូលរួមថែរក្សាបរិស្ថាន អនាម័យ ព្រោះថាសាលារៀន គឺជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយមានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ សម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ អគារសិក្សាដ៏ល្អនេះពិតជានាំមកនូវក្តីសង្ឃឹម ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បានសិក្សារៀនសូត្រ ហេតុនេះសូមចូលរួមថែរក្សា ការពារនូវសមិទ្ធិផលទាំងអស់នេះ ឱ្យបានគង់វង្ស យូរអង្វែង និងសម្រាប់ដល់អ្នកក្រោយៗទៀត។

គួរបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាល លោក ម៉ៅ ធនិន ក៏បានចូលរួមដោះស្រាយសំណូមពរ ពាក់ព័ន្ធការចាក់ដី បំពេញទីធ្លាសាលា ចំនួន២០០ឡាន, ប្រគល់ថវិកា២លានរៀល សម្រាប់រុះរើអគារឈើចាស់ទ្រុឌទ្រោម, ចាត់ឲ្យមន្ទីរជំនាញសិក្សាគម្រោង ធ្វើទំនប់រ៉បមាត់ស្ទឹង ក្នុងភូមិកោះ ប្រវែង១៥៥៥ម៉ែត្រ និងបានជួយលូមុខកាត់ប្រវែង២០០ម៉ែត្រ ដើម្បីរំដោះទឹកស្អុយចេញពីភូមិពោធិ៍តាគួយ និងបានកាត់ខ្សែបូសម្ពោធអគារសិក្សាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនោះផងដែរ៕