(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើដល់ឯកអគ្គរដ្ឋទូតតួកគី ជំរុញពាណិជ្ជករ និងវិនិយោគិនតួកគីមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត លើវិស័យអាទិភាព និងសំខាន់ៗមួយចំនួន។
សំណើរបស់លោករដ្ឋមន្ត្រីបានធ្វើឡើង ក្នុងពេលដែលរូបលោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូតមកកម្ពុជា និងគាំទ្រពេញទំហឹងពីបំណងរបស់តួកគីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានបញ្ជាក់ថា តួកគីជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។
ក្រៅពីបានជម្រាបជូននូវវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំណូមពរឲ្យមានការទាក់ទាញបន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក់ទុនវិនិយោគបន្ថែមលើវិស័យអាទិភាពរបស់កម្ពុជា មានដូចជា៖ កសិកម្ម (គ្រាប់ស្វាយចន្ទី ផ្លែឈើ និងកៅស៊ូ) ទេសចរណ៍ (កម្មន្តសាល និងការហោះហើរត្រង់)។ ជាពិសេសពិចារណាបង្កើតកន្លែងកែច្នៃកសិឧស្សាហកម្ម (Processing) នៅកម្ពុជា ដែលវានឹងបង្កើតតម្លៃបន្ថែម ការងារ និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត មានក្តីសប្បាយរីករាយជាខ្លាំងចំពោះការមកដល់កម្ពុជា និងសញ្ញាណវិជ្ជមានជាច្រើន ហើយបានសន្យាទាក់ទាញវិនិយោគិនតួកគីបន្ថែមទៀតមកកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន ការរឹតចំណងកិច្ចសហប្រតិបត្តិការ និងការបង្កើតឱ្យមានកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានជម្រាបថា ភាគីតួកគីនឹងពិនិត្យលទ្ធភាពក្នុងការទទួលរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងតួកគី និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋតួកគី នាពេលសមស្របខាងមុខ៕